អគ្គិភ័យឆាបឆេះក្លិបកម្សាន្តដែលទើបនឹងបើកឱ្យដំណើរការឡើងវិញៗមួយកន្លែង
ខេត្តប៉ៃលិន ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីអគ្គិភ័យឆាបឆេះក្លិបកម្សាន្តដែលទើបនឹងបើកឱ្យដំណើរការឡើងវិញៗមួយកន្លែង ខណ:ពេលគេសង្ស័យថា ជាករណីទុស្សេខ្សែភ្លើង រហូតក្លាយជាអណ្តាតភ្លើងឆាបឆេះយ៉ាងខ្លាំង បណ្តាលឱ្យរងការខូចខាតអគារ និងសម្ភារ:ទាំងស្រុង បើគិតជាទឹកប្រាក់មិនក្រោម៥ម៉ឺនដុល្លារឡើយ។
គ្រាន់តែទទួលបានដំណឹងខាងលើនេះភ្លាម លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ ក៏ប្រញាប់ដឹកនាំក្រុមការងារចុះទៅធ្វើការពន្លត់អស់រយ:ពេលជាង៣ម៉ោង រហូតដល់យកគ្រឿងចក្រទៅវាយកំទេចទ្វារក្លិប ទើបអាចបាញ់ទឹកពន្លត់ទាំងស្រុង និងគ្រប់គ្រងស្ថានការណ៍នេះបាន ។ ហើយហេតុការណ៍អគ្គិភ័យឆាបឆេះក្លិបកម្សាន្តនេះ បានកើតឡើងនៅវេលាម៉ោង០៥និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមសម្តីរបស់លោក សំ សរ៉េត អភិបាលស្រុកសាលាក្រៅ បានឱ្យភ្នាក់ងារយើងដឹងថា ៖ ក្រោយពីរដ្ឋាភិបាលប្រកាសឱ្យបើកដំណើរការប្រទេសឡើងវិញ រួមជាមួយនឹងកន្លែងជួបជុំនានា ទើបរហូតមកដល់ថ្មីៗនេះ ក្លិបកម្សាន្តយីហោ «សែនស៊ី (SENSE)» ត្រូវបានម្ចាស់បើកទ្វារ ដើម្បីទទួលភ្ញៀវ ស្រាប់តែនៅព្រឹកព្រលឹមឡើង ក៏មានផ្សែងហុយចេញពីក្នុងក្លិប ធ្វើម្ចាស់ក្លឹបនាំគ្នារត់ចេញមកក្រៅទាំងភ័យស្លន់ស្លោ រួចក៏ប្តឹងទៅអាជ្ញាធរ និងសមត្ថកិច្ចឱ្យដឹកនាំកម្លាំង ដើម្បីចុះទៅបាញ់ទឹកពន្លត់អគ្គិភ័យនេះតែម្តង។
លោកបន្តទៀតថា ទោះបីជាកម្លាំងនគរបាល រួមជាមួយនឹងកងរាជអាវុធហត្ថខេត្ត ខិតខំបាញ់ទឹកពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងក៏ដោយ ក៏នៅតែមិនអាចគ្រប់គ្រងស្ថានការណ៍បានឡើយ លុះរហូតដល់ជាង៣ម៉ោង លោកក៏បានបញ្ជាឱ្យយកគ្រឿងចក្រអេស្កាវ៉ាទ័រទៅវាយកំទេចទ្វារអគារក្លិបកម្សាន្ត ដើម្បីបាញ់ទឹកបញ្ចូលទៅពន្លត់នៅផ្នែកខាងក្នុង ទើបក្រោយមកក៏អាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។
លោកបញ្ជាក់ថា ការឆាបឆេះក្លិបកម្សាន្តខាងលើនេះ ពិតជាឆាបឆេះយ៉ាងលឿន ដោយសារតែនៅខាងក្នុងមានអេប៉ុង និងក្រដាស សំឡី ដែលគេបិទខ្ទប់នៅជុំវិញជញ្ជាំង ដើម្បីកុំឱ្យមានសម្លេងខ្ទរចេញមកក្រៅ ទើបពេលមានករណីអគ្គិភ័យកើតឡើង បណ្តាលឱ្យភ្លើងឆាបឆេះស្ទើរតែគ្រប់គ្រងស្ថានការណ៍មិនបាន ហើយធ្វើឱ្យរងការខូចខាតសម្ភារ: គ្រឿងបំពងសម្លេង រួមផ្សំជាមួយនឹងអគារទាំងមូលតែម្តង។ តែសំណាងល្អ មិនបង្កឱ្យម្ចាស់ក្លិបកម្សាន្តនេះ ទទួលរងរបួសនោះទេ៕






