នារីម្នាក់បង្ហោះសារថា គេយកមកលក់ធ្វើការឲ្យចិន នៅខេត្តពោធិ៍សាត់ សុំប៉ូលិសជួយរំដោះផង


ខេត្តពោធិ៍សាត់ ៖ នារីរូបស្រស់សោភាម្នាក់ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញ ដោយអះអាងថា ខ្លួនរងគ្រោះ ត្រូវបានគេយកមកលក់ ធ្វើការឲ្យជនជាតិចិន នៅក្នុងខេត្តពោធិ៍សាត់ សូមអោយប៉ូលិសទៅជួយរំដោះផង ។
បើតាមគណនីហ្វេសប៊ុករបស់នាង បានបង្ហោះខ្លឹមសារកាលពីថ្ងៃទី១៧ វិច្ឆិកា ២០២១ យ៉ាងដូច្នោះថា ៖ «បងៗ ស្គាល់លេខប៉ូលិសទេ ខ្ញុំត្រូវគេយកមកលក់ធ្វើការអោយចិន ឥឡូវខ្ញុំនៅពោធិ៍សាត់ នៅថ្មដា លើភ្នំ ខ្ញុំចង់ទៅផ្ទះវិញ ជួយខ្ញុំផង (មានដាក់លេខទូរសព្ទរបស់នាង)» ។
ក្រោយពីបានឃើញគណនីហ្វេសប៊ុកខាងលើបង្ហោះសារបែបនេះ ភ្លាមៗ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានបញ្ជាទៅឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ប្រធានក្រុមការងារប្រតិកម្មរហ័ស បានដឹកនាំកម្លាំងសមត្ថកិច្ច សហការជាមួយអង្គភាពពាក់ព័ន្ធ ធ្វើការស្រាវជ្រាវតាមជំនាញ រហូតដល់វេលាម៉ោងប្រហែល០៩និង៣០នាទីយប់ថ្ងៃទី១៧ វិច្ឆិកា ២០២១ ទើបកម្លាំងសមត្ថកិច្ច បានរកឃើញជនរងគ្រោះមានឈ្មោះ ហ៊ន រស្មី ភេទស្រី ។
ប្រភពពីមន្ត្រីនគរបាលខេត្តពោធិ៍សាត់ បានអោយដឹងថា សមត្ថកិច្ចបាននាំជនរងគ្រោះមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដារ និងរៀបចំកន្លែងស្នាក់នៅ និងការពារសុវត្ថិភាពជូនជនរងគ្រោះ ព្រមទាំងបានទំនាក់ទំនងផ្តល់ព័ត៌មានដល់ក្រុមគ្រួសាររបស់នារីរងគ្រោះផងដែរ ។
បើតាមនារីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ដោយសារតែក្រុមហ៊ុនតម្រូវអោយនាងធ្វើចត្តាឡីស័ក ហើយទីតាំងដាក់នៅដាច់ដោយឡែកនោះ ជាកន្លែងស្ងាត់ថែមទៀត ជាហេតុធ្វើអោយរូបនាងមានអារម្មណ៍ភ័យខ្លាច ទើបបង្ហោះសារ ដើម្បីអោយប៉ូលិសទៅជួយរំដោះផង ព្រោះនាងមិនចង់ធ្វើការទីនោះទេ មានអារម្មណ៍ថា ភ័យខ្លាច! ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ វិច្ឆិកានេះ សមត្ថកិច្ចធ្វើតាមនីតិវិធី ដោយអោយក្រុមគ្រួសារ មកទទួលនារីជនរងគ្រោះដោយផ្ទាល់ នៅកន្លែងសមត្ថកិច្ចផងដែរ ។
ទោះជាយ៉ាងនេះក្តី នារីរងគ្រោះបានសរសេរនៅថ្ងៃនេះ លើហ្វេសប៊ុករបស់នាងថា «ខ្ញុំបានទៅវិញ ហើយអរគុណ នាក់ទាំងអស់គ្នា ដែលបានជួយខ្ញុំ ចាំខ្ញុំផ្សាយផ្ទាល់(ហ្វេសប៊ុក) និយាយរឿងនឹងថា វាយ៉ាងម៉េច» ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram