ក្លិប Reading ត្រូវបានពិន័យកាត់ ៦ពិន្ទុ ដោយសារល្មើសច្បាប់ចាយលុយរបស់អង់គ្លេស
(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់អាជីព Reading ត្រូវបានដាក់ពិន័យកាត់ ៦ពិន្ទុភ្លាមពីលីគ Championship នៅពេលល្មើសបម្រាមចាយលុយ (EFL financial rules)។
EFL បានរកឃើញថា Reading បានខាតបង់ទឹកប្រាក់ប្រមាណ ៥៧.៨លានផោននៅអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០២១ ដ្បិតតាមច្បាប់ ស្ថាប័នគ្រប់គ្រងបាល់ទាត់លីគអង់គ្លេសខាងលើនេះ អនុញ្ញាតខាតបង់ទឹកប្រាក់ត្រឹម ៣៩លានផោនប៉ុណ្ណោះ នៅពេលក្លិបចាយលុយច្រើនទិញកីឡាករ។
៦ពិន្ទុដែលត្រូវកាត់ចេញនេះដែរ នឹងធ្វើឡើងសម្រាប់រដូវកាលក្រោយនៅ Championship ដ្បិតក្លិបមួយនេះកំពុងធ្លាក់ពីលេខ១៦ ទៅ១៩ក្នុងតារាងពិន្ទុវិញ ដោយទើបរកបាន ១៦ពិន្ទុប៉ុណ្ណោះ និងដាច់ ៤ពិន្ទុពីតំបន់កាត់ចោលផងដែរនារដូវកាលឆ្នាំ២០២១-២០២២៕


