ម៉ាកស្បែកជើង ដែលតារាល្បី Travis Scott សហការជាមួយក្រុមហ៊ុន Nike ត្រូវបានពន្យារពេលដាក់លក់ ក្រោយរងឥទ្ធិពលពីសោកនាដកម្មមនុស្ស១០នាក់ស្លាប់


(អាមេរិក)៖ ពេលវេលានៃការដាក់លក់ម៉ាកស្បែកជើង របស់តារាចម្រៀងល្បី Travis Scott សហការជាមួយក្រុមហ៊ុន Nike ត្រូវបានពន្យារពេល ដោយសារតែរឿងរ៉ាវចម្រូងចម្រាស់ថ្មីៗនេះ ជុំវិញការស្លាប់មនុស្ស១០នាក់ ក្នុងការប្រគំតន្ត្រី «Astroworld» របស់ Travis Scott ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Yahoo នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។
ស្បែកជើងប៉ាតាម៉ាកថ្មី ដែលមានឈ្មោះថា «Air Max 1 x» ដែលតារាចម្រៀង Travis Scott សហការគ្នាផលិតជាមួយក្រុមហ៊ុន Nike គ្រោងបញ្ចេញលក់នៅលើទីផ្សារ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ, នេះបើតាមគេហទំព័រ TMZ។ ផ្ទុយទៅវិញ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុន Nike ស្រាប់តែចេញសេចក្តីប្រកាសថា ក្រុមហ៊ុននឹងពន្យារពេលចេញលក់ម៉ាកស្បែកជើងនេះ។ មូលហេតុចម្បងនៃការពន្យារពេលដាក់លក់នេះ គឺដោយសារតែចង់បង្ហាញពីការគោរពទៅកាន់ជនរងគ្រោះ ក្នុងហេតុការណ៍ប្រគំតន្ត្រី របស់ Travis Scott ថ្មីៗនេះ។
ជាការកត់សម្គាល់ នៅដើមខែវិច្ឆិកានេះ កម្មវិធីប្រគំតន្ត្រីប្រចាំឆ្នាំ «Astroworld» របស់តារារ៉េប Travis Scott នៅទីក្រុង Houston នៃរដ្ឋ Texas សហរដ្ឋអាមេរិក មានមនុស្សរហូតដល់ប្រមាណ៥ម៉ឺននាក់ បានចូលរួមទស្សនាផ្ទាល់ បានបង្ករឲ្យមានហេតុការណ៍ដ៏រន្ធត់មួយកើតឡើង គឺមានមនុស្សស្លាប់១០នាក់ ដោយសារការរត់ប្រជ្រៀតគ្នា ដើម្បីបានទៅខាងមុខឆាកតន្រ្តី។ បច្ចុប្បន្នករណីនេះ កំពុងស្ថិតក្រោមការស៉ើបអង្កេតនៅឡើយ។
គួរជម្រាបថា មុនពេលកើតហេតុនៃព្រឹត្តិការណ៍ខាងលើ តារាចម្រៀង Travis Scott ដែលជាប្តីរបស់តារាម៉ូដែលល្បី Kylie Jenner គឺជាតារា Hip Hop ដ៏ល្បីម្នាក់ ក្នុងចំណោមតារាល្បីៗជាច្រើនទៀត។ បើតាមទស្សនាវដ្តី Forbes តារារូបនេះបានជាប់ឈ្មោះនៅលេខរៀងទី៨២ ក្នុងចំណោមមនុស្ស១០០ ដែលមានតម្លៃខ្លួនខ្ពស់បំផុត និងជាតារាប្រុសមានប្រាក់សុទ្ធចំនួន ៣៩.៥លានដុល្លារ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram