មិនធម្មតា! តារាចម្រៀង ទេព បូព្រឹក្ស លក់ឡានអស់២គ្រឿង ដើម្បីផលិតបទ ( វីរៈនារី ) ខណៈបទនេះត្រូវបានបង្ហើបថា ចំណាយអស់ប្រមាណ១៥ម៉ឺនដុល្លារ


(ភ្នំពេញ)៖ បន្ទាប់ពីការផ្ទុះប្រជាប្រិយភាពនៃវិដេអូ Teaser ពីបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងមានប្រជាប្រិយភាព ទេព បូព្រឹក្ស ក៏ឃើញមានពាក្យតៗគ្នាថា បទចម្រៀងមួយនេះបានចំណាយថវិកាផលិតជាវីដេអូ អស់ប្រមាណរហូតទៅដល់ ៦០០លានរៀល ពោលគឺ ១៥ម៉ឺនដុល្លារអាមេរិក ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួន សម្ដែងការកោតសរសើរ ប៉ុន្តែមានអ្នកគាំទ្រមួយចំនួនតូចមិនជឿថា តារាចម្រៀងរូបនេះហ៊ានចំណាយថរិកាច្រើនសន្ធឹកសន្ធាប់ ដល់ថ្នាក់ហ្នឹងនោះទេ។
តារាចម្រៀង ទេព បូព្រឹក បានថ្លែងប្រាប់ CPNS NEWS ឲ្យបានដឹងនៅមុននេះបន្តិចថា ថវិកាក្នុងផលិត MV Top of the Lady ពិតជាចំណាយអស់រហូតដល់ ៦០០លានរៀល គឺប្រមាណ១៥ម៉ឺនដុល្លារពិតមែន ដែលថវិកាទាំងនេះ សម្រាប់រូបនាង ហ៊ានចំណាយ គឺដោយសារតែបទនេះ យើងផលិតឡើង ដើម្បីជាតំណាងឲ្យប្រជាជនខ្មែរទាំងមូលតែម្ដង។ ទេព បូព្រឹក្ស បានសង្កត់ធ្ងន់ថា នាងបានលក់រថយន្តរបស់ខ្លួនអស់ពីរគ្រឿង ដើម្បីប្រមូលថវិកាមកធ្វើការផលិត បទចម្រៀងមួយនេះ។ បទចម្រៀងនេះផ្ទាល់នាង បានធ្វើការចូលរួមសហការជាមួយនឹង Pleng by Smart ជាថវិកាឧបត្ថម្ភមួយចំនួន និងជាការគាំទ្រក្នុងការចូលរួមផ្សព្វផ្សាយបទចម្រៀងនេះផងដែរ។
តារាចម្រៀងបែបយុវវ័យ ទេព បូព្រឹក បានបន្ថែមទៀតថា MV Top of the Lady (វីរៈនារី) ត្រូវបានរៀបចំឡើងអស់រយៈពេល ២ខែ ជាមួយក្រុមការងារសរុប ១២៦នាក់ ហើយឈុតដែលនាងឈរក្នុងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក មើលហើយគឺព្រឺសម្បុរតែម្តង សម្រាប់នាងមើលទៅវាពិតជាអស្ចារ្យណាស់ ឈុតនេះក្រុមការងារបានដំឡើងជារូបរាងប្រាសាទព្រះវិហារ មើលហើយ គឺមិនសរសើរមិនបានទេ!។
ទេព បូព្រឹក និយាយថា «ឈុតចម្បាំង បើអ្នកទាំងអស់គ្នាមើលយឺតៗ អ្នកទាំងអស់គ្នា នឹងឃើញតួដែលស្លៀកពាក់ឈុតខ្មៅ បានធ្វើសឹកសង្រ្គាមជាមួយតួមេទ័ពស្រីជាច្រើន ហើយចុងក្រោយ គឺទ័ពស្រីរបស់យើងបានយកជ័យជំនះលើសឹកសង្រ្គាមមួយនេះ។ ឈុតនេះផ្នែក Set Designer បានធ្វើដេគ័រជាភ្នំតែម្តង និង ឈុតមេទ័ពស្រីដទៃទៀត ក៏ត្រូវបានធ្វើតាមក្បួនច្បាប់ដើម ឈុតនេះគឺដុតភ្លើងពេញ Studio តែម្តង..!»។
បទចម្រៀងមួយបទនេះ សង្ឃឹមថាអ្នកគាំទ្រទាំងអស់គ្នា នឹងជួយគាំទ្រសមិទ្ធផលនៃការប្រឹងប្រែង ក្នុងផលិត MV មួយនេះដែលនឹងចេញក្នុងពេលឆាប់ៗនេះហើយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram