ព្រឹកថ្ងៃនេះព្រះមហាក្សត្រយាងត្រឡប់មកកាន់មាតុភូមិវិញ ក្រោយពីបញ្ចប់ព្រះរាជបេសកកម្មនៅប្រទេសបារាំង


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ យាងត្រឡប់មកកាន់មាតុភូមិវិញ ក្រោយពីបញ្ចប់ព្រះរាជបេសកកម្ម នៅប្រទេសបារាំង រយៈពេល៥ថ្ងៃ ពីថ្ងៃទី១០-១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
សូមជំរាបថា កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅ ព្រះមហាក្សត្រ បានយាងចាកចេញពីរាជធានីភ្នំពេញ ហើយឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅក្នុងឱកាសយាងចូលរួមមហាសន្និបាតនេះ នៅថ្ងៃទី១២ ខែវិច្ឆិកា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យថ្លែងព្រះរាជសុន្ទរកថា ក្នុងមហាសន្និបាតអង្គការយូណេស្កូ ដោយមានការចូលរួមពីបណ្តាប្រមុខរដ្ឋចំនួនជាង២០ប្រទេស នាទីក្រុងប៉ារីស ប្រទេសបារាំង។
នៅក្នុងឱកាសគង់បំពេញព្រះរាជកិច្ច នៅទីក្រុងប៉ារីស ប្រទេសបារាំង ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន លោកស្រី Audrey AZOULAY អគ្គនាយិកានៃអង្គការយូណេស្កូ អញ្ជើញចូលថ្វាយបង្គំគាល់ សម្តែងការគួរសម នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្នុងកិច្ចសវនការដ៏មានសារៈសំខាន់នេះដែរ កម្ពុជាបានជូនដំណឹងដល់អង្គការយូណេស្កូថា កម្ពុជាមានឯកសារចំនួន២ ដែលកំពុងដំណើរការមាន គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង ( រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍ ) របស់កម្ពុជា ក្នុងប្រភេទបេតិកភណ្ឌពិភពលោក ដែលនឹងសុំបញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram