ផ្ទុះការតវ៉ាបិទផ្លូវម៉ៅសេទុង បុគ្គលិកអតីតសណ្ឋាគារផ្កាយ៥ The Great Duke ដោយសារម្ចាស់សណ្ឋាគារ មិនព្រមផ្តល់សំណងជូនពួកគាត់ ជាង៥ខែមកហើយ…..

(រាជធានីភ្នំពេញ)៖ បុគ្គលិករបស់អតីតសណ្ឋាគារផ្កាយ៥ The Great Duke ជាច្រើននាក់ តំណាងបុគ្គលិក១៥២នាក់ បានផ្ទុះការតវ៉ា នៅមុខសណ្ឋាគារ ដោយធ្វើការបិទផ្លូវម៉ៅសេទុងផងដែរ ដើម្បីទាមទារឲ្យម្ចាស់សណ្ឋាគារ ដោះស្រាយសំណងជូនពរគាត់តាមច្បាប់ការងារ ដែលមានរយៈពេលជាង៥ខែមកហើយ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ។
សហព័ន្ធសហជីពកម្មករ និយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

ដែលតំណាងឲ្យបុគ្គលិករបស់សណ្ឋាគារជាង១៥០នាក់ ក៏បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះករណីដែលសណ្ឋាគារ The Great Duke អតីតសណ្ឋាគារអ៊ីនធើរខនធីណិនថលភ្នំពេញ បានបិទទ្វារដោយមិនព្រមទូទាត់សំណង ជូនកម្មករនិយោជិត១៥២នាក់ ស្របតាមច្បាប់ស្ដីពីការងារនៃកម្ពុជា។


សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចេញសេចក្តីបង្គាប់ ឲ្យម្ចាស់សណ្ឋាគារទូទាត់សំណងដល់កម្មករ៣ចំណុច៖ ទី១៖ ទូទាត់ប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ ដោយប្រាក់ឈ្នួលគោល បូកប្រាក់បន្ទាប់បន្សំ, ទី២៖ប្រាក់ជួសឲ្យការជូនដំណឹង និងទី៣ ៖ ប្រាក់ជួសឲ្យការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសេសសល់។


អតីតបុគ្គលិកធ្លាប់បម្រើការងារ នៅសណ្ឋាគារ The Great Duke បាននឹងកំពុងរង់ចាំទទួលនូវប្រាក់សំណង អស់រយៈពេលជាច្រើនខែមកហើយ ដោយយោងតាមមាត្រា១១៦ នៃច្បាប់ស្ដីពីការងារតម្រូវឲ្យនិយោជក ត្រូវតែផ្ដល់ប្រាក់ឈ្នូល និងប្រាក់បំណាច់គ្រប់ប្រភេទ ជូនកម្មករនិយោជិត ក្នុងរយៈពេល៤៨ម៉ោងបន្ទាប់ពីថ្ងៃឈប់ធ្វើការ។
សូមរំលឹកថា សណ្ឋាគារផ្កាយ៥ ដែលមានវ័យចំណាស់មួយ នៅរាជធានីភ្នំពេញ ដែលជាអតីតសណ្ឋាគារ Inter-Continental Hotel ក្រោយមកប្តូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨

បានប្រកាសបិទទ្វារឈប់ដំណើរការចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ សណ្ឋាគារមួយនេះបើកនៅឆ្នាំ១៩៩៦ ជាកេរ្តិ៍តំណែលរបស់មហាសេដ្ឋី ថេង ប៊ុនម៉ា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram