ខ្សែការពារ Varane ត្រូវខកខានជំនួបធំ ៥ប្រកួតជាមួយ Man United ដោយសាររបួសសរសៃពួរ
(មេនឆេស្ទើ)៖ ខ្សែការពារ Raphael Varane ត្រូវអវត្តមានជំនួបធំៗរបស់ក្លិប Manchester United ចំនួន ៥ប្រកួតដោយសារតែជួបបញ្ហារបួសសរសៃពួរ ក្នុងពេលលេងជាមួយក្លិប Atalanta នៃពានរង្វាន់ UEFA Champions League ដែលបញ្ចប់លទ្ធផលស្មើគ្នា ២-២ ក្នុងវគ្គជម្រុះប្រចាំពូល ដោយរូបគេត្រូវប្តូរចេញក្នុងតង់ទី១។ នេះបើតាមប្រភពពី Machester evening News បានឲ្យដឹងនាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

បុរសវ័យ ២៨ឆ្នាំសញ្ជាតិបារាំង Varane ត្រូវបានផ្ទេរពីក្លិប Real Madrid មកកាន់ក្លិប Man United ៣៤លានផោនកាលពីខែសីហា ដែលទើបជាសះស្បើយបញ្ហាក្រលៀន ហើយពេលនេះលោកត្រូវខកខានជំនួបក្នុងលីគ Premier League ចំនួន ៤ប្រកួតដោយមានការប៉ះជាមួយក្លិប Manchester City ជាជំនួបសំខាន់ប្រចាំទីក្រុង Manchester ហើយក្នុងនោះមានការជួបជាមួយ Watford, Chelsea, Arsenal និងការប៉ះ Villarreal នៅពាន Champions League នៃជំនួបទី៥ ប្រចាំពូល F។
គួររំលឹកផង ខ្សែការពារ Varane ដែលឈ្នះពាន World Cup 2018 ជាក្រុមជម្រើសជាតិបារាំង ទើបតែលេងបាន ៩ប្រកួតប៉ុណ្ណោះគ្រប់កម្មវិធីរបស់ក្លិបអាជីព Man United ខណៈជំនួបប៉ះ Crystal Palace ក៏ស្ថិតជាសង្ស័យនៅឡើយ៕





