សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយជូនពលរដ្ឋ៥២២គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ដែលរងគ្រោះដោយទឹកជំនន់
(កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់អំណោយជូនប្រជាពលរដ្ឋចំនួន៥២២គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ រស់នៅឃុំចំនួន៣ នៃស្រុកកណ្ដាកស្ទឹង ខេត្តកណ្ដាល។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោក ណុប រ័ត្ននិមល ជំនួយការរបស់សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខុទ្ទកាល័យសម្ដេចតេជោ តំណាងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង នាំយកទៅប្រគល់ជូននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ។ ក្នុងនោះក៏មានការចូលរួមពី លោកបណ្ឌិត ដួង ហេង និងលោក រ៉េត ស៊ីថាផងដែរ។
អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវបាននាំយកទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន៥២២គ្រួសារនោះរួមមាន ស្ថិតនៅឃុំដេីមឬស ៤២២គ្រួសារ, ឃុំរកា ៥០គ្រួសារ, ឃុំរលាំងកែន៥០គ្រួសារ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដោយក្នុងមួយគ្រួសារទទួលបាន សម្ភារៈ និងថវិកា រួមមាន៖ អង្ករ ចំនួន២០គីឡូក្រាម, មី ចំនួន១កេស, ទឹកត្រី ចំនួន១យួរ, ទឹកស៉ីអ៉ីវ ចំនួន១យួរ និងថវិកា ចំនួន៤ម៉ឺនរៀល។
ក្នុងឱកាសនោះ លោក ណុប រ័ត្ននិមល បានជម្រាបជូនដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសពេលទឹកជន់លិចខ្លាំងអាចមានសត្វអសិរពិសផ្សេងៗ ចូលក្នុងសម្បែង ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងមើលថែរក្សាសុខភាពឲ្យបានល្អ ហូបស្អាតផឹកទឹកឆ្អិន រក្សាអនាម័យជាប្រចាំ ពិសេសបើមានស្ថានភាពសុខភាពមិនស្រួល ត្រូវប្រញ៉ាប់រួសរាន់ប្រាប់មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕








