ទឹកស្ទឹងសង្កែជន់ឡើងខ្លាំង លិចផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង, អាជ្ញាធរខេត្តអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន

(បាត់ដំបង): រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកស្ទឹងសង្កែកំពុងហក់ឡើងខ្លាំងដល់កម្ពស់ ១៣.៥៥ម៉ែត្រ ក្នុងនោះនៅតាមផ្លូវមាត់ស្ទឹងសង្កែនៃក្រុងបាត់ដំបង ក៏ត្រូវទឹកស្ទឹងឡើងជន់ដល់ផងដែរ។ តែយ៉ាងណាអាជ្ញាធរបានអះអាងថា ទឹកស្ទឹងដែលបានជន់ឡើងនេះ បានស្រកទៅវិញបណ្ដើរៗហើយ។
ថ្នាក់ដឹកនាំខេត្តបាត់ដំបង បានចុះពិនិត្យមើលជាក់ស្តែង និងបានសង្កេតឃើញថា ទឹកជំនន់ក្នុងស្ទឹងសង្កែ និងតាមដងផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបងបានលិចផ្លូវថ្នល់។ ចំណែកអភិបាលថ្មីនៃខេត្តបាត់ដំបង លោក សុខ លូ ក៏កំពុងសហការជាមួយមន្រ្តីជំនាញរៀបចំកម្លាំងទុករួចជាស្រេច ក្នុងការត្រៀមជួយសង្រ្គោះបន្ទាន់ណាមួយ។


លោក សុខ លូ ក៏បានបង្ហោះសារនៅក្នុង Facebook ផ្ទាល់ខ្លួនលោកថា ឆ្នាំក្រោយលោកនឹងធ្វើការបន្ថែមមួយចំនួនទៀត ដើម្បីទប់ស្កាត់នូវការលិចលង់ដោយសារទឹកភ្លៀងនេះនៅក្នុងក្រុងបាត់ដំបងឲ្យបានល្អជាងនេះ។
ពាក់ព័ន្ធករណីនេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រាប់បណ្ដាញព័ត៌មាន CPNS News នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះថា ទឹកស្ទឹងសង្កែហក់ឡើងនេះ គឺមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។
បើតាមកម្ពស់ទឹកពីម្សិលមិញ កម្ពស់ទឹកបានឡើង ១៣.៩៥ម៉ែត្រ តែព្រឹកនេះបានស្រកមកវិញបន្តិចហើយ គឺនៅសល់ ១៣.៥៥ម៉ែត្រ ចំពោះទឹកដែលត្រូវប្រកាសអាសន្ននោះ គឺកម្ពស់ ១៤.៥ម៉ែត្រឯណោះ។
លោក ឡុង ផលគុណ បានបញ្ជាក់ថា ទឹកស្ទឹងឡើងពីម្សិលមិញឡើង ១៣.៩៥ម៉ែត្រ ទើបបណ្តាលឲ្យហូរចូលលូចូលតាមផ្លូវថ្នល់ក្នុងក្រុងបាត់ដំបង តែមកទល់ពេលនេះបានស្រកជាបណ្តើរៗហើយ គ្រាន់តែស្រកយឺតបន្តិច ដោយសារតែលូក្នុងក្រុងតូចៗជំនាន់មុន ហូរចុះមកវិញយឺតៗ តែពុំទាន់មានបញ្ហាដល់ការប្រកាសអាសន្ននោះឡើយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram