កូនប្រុស Michael Jackson សរសើរក្រុមចម្រៀង BTS ចំៗមិនដាច់ពីមាត់ ចំពោះភាពច្នៃប្រឌិត ក្នុងការបន្តមរតកតន្ត្រីពីឪពុករបស់ខ្លួន

(អាមេរិក): កូនប្រុសច្បងរបស់កំពូលតារាចម្រៀងប៉ុប Michael Jackson គឺលោក Prince Jackson កាលពីពេលថ្មីៗនេះ តាមរយៈចូលរួមផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីមួយ លោកបានពោលពាក្យសរសើរចំៗ ទៅលើក្រុមចម្រៀង BTS ចំពោះឥទ្ធិពល ភាពច្នៃប្រឌិតរបស់ពួកគេ ជាពិសេសគឺការបន្តមរតកតន្ត្រីពីឪពុករបស់ខ្លួន តាមរយៈទេពកោសល្យនានា។ នេះបើតាមការចេញផ្សាយ ដោយសរព័ត៌មាន Koreaboo នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។
លោក Prince Jackson កូនប្រុសស្ដេចចម្រៀងប៉ុនលំដាប់ពិភពលោក Michael Jackson បានផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធី សប្បុរសធម៌មួយគឺ ( HEAL LOS ANGELES FOUNDATION ) និងបានឆ្លើយតបទៅពិធីករ Liam McEwan នៅពេលចោទសួរពីក្រុម BTS។


ក្នុងនោះ លោក Prince Jackson បាននិយាយថា «វាពិតជាមានការចាប់អារម្មណ៍ខ្លាំងណាស់ នៅពេលបានឃើញពួកគេ (BTS) និងបានដឹងពីឥទ្ធិពលរបស់ពួកគេ ដោយពួកគេបានទទួលឥទ្ធិពលពីឪពុករបស់ខ្ញុំ។ ពួកគេពិតជាគួរឲ្យស្រឡាញ់ណាស់ ជាពិសេស គឺពួកគេមានការគោរពចំពោះសិល្បកររៀមច្បង….។ អ្វីដែលពិសេស គឺពួកគេមានគំនិតច្នៃប្រឌិតខ្ពស់ ច្នៃឲ្យទាន់សម័យកាលទំនើប ដូចពេលបច្ចុប្បន្ន…»។
គួរជម្រាបថា ក្រុមចម្រៀង BTS ពិតជាមានឥទ្ធិពលយ៉ាងខ្លាំង តាមរយៈស្នាដៃចម្រៀងរបស់ពួកគេ ក្នុងនោះមិនត្រឹមតែល្បីល្បាញនៅអាស៉ីប៉ុណ្ណោះទេ ពោលគឺនៅទូទាំងពិភពលោកតែម្តង។ BTS បានបំបែក កំណត់ត្រាដ៏អស្ចារ្យ ដោយឈរជើងលើតារាង Billboard រយៈពេលយូរបំផុត និងបានបង្ហាញវត្តមាននៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ ក៏ដូចជាការសហការជាមួយនឹងតារាខាងប៉ែកលោកខាងលិច ជា ច្រើននាក់រួចមកហើយ។ ភាពអស្ចារ្យរបស់ពួកគេ បានធ្វើឲ្យបុគ្គលល្បីៗជាច្រើន សម្តែងការកោតសរសើរ ពីសមត្ថភាពរបស់ពួកគេ ហើយក្នុងនោះ រួមមានទាំងកូនប្រុសរបស់ស្ដេចចម្រៀងប៉ុប Michael Jackson ផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram