ក្រុមឆក់យ៉ាងសកម្មចំនួន៧នាក់ ក្នុងខេត្តកែបត្រូវបានកម្លាំងជំនាញចាប់ឃាត់ខ្លួន

( រាជធានីភ្នំពេញ ) :បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងអធិការដ្ឋាននគរបាលក្រុង ស្រុក សហការជាមួយនគរបាលខេត្តកំពត បានបង្ក្រាបករណីឆក់ចំនួន៣លើកផ្សេងគ្នា នៅថ្ងៃតែមួយ(ខេត្តកែបចំនួន១លើក និងខេត្តកំពតចំនួន២លើក) ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ។


ក្នុងសកម្មភាពចុះបង្កាប់នេះ គឺការដឹកនាំដោយផ្ទាល់ដោយលោក សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ហើយបានធ្វើការ ដកហូតបានមធ្យោបាយប្រព្រឹត្តបទល្មើសចំនួន៩គ្រឿង(ម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ។
លោកបានបញ្ជាក់ថា ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យទាំង៧នាក់រួច សមត្ថកិច្ចបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីសាកសួរ ។ បើតាមតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសឆក់កាបូប និងទូរសព្ទដៃកន្លងមកជាច្រើនលើកមកហើយ ។


ក្នុងនោះការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន២នាក់ ប្រព្រឹត្តបទល្មើសនៅខេត្តកែប ទៅអយ្យការអមសាលាដំបូងខេត្តកែប និងជនសង្ស័យចំនួន៥នាក់ទៀត ដែលប្រព្រឹត្តបទល្មើសនៅខេត្តកំពត ប្រគល់ជូននគរបាលខេត្តកំពត ដើម្បីបន្តនីតិវិធី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram