ព្រលានយន្តហោះលើកោះប៉ាល់ម៉ា ត្រូវបានផ្អាកដោយសារតែផេះហុយចេញពីភ្នំភ្លើង CUMBRE VIEJA
ប្រទេសអេស្ប៉ាញ : ព្រលានយន្តហោះលើកោះប៉ាល់ម៉ា នៃប្រជុំកោះកាណារី អេស្ប៉ាញ ត្រូវបានផ្អាកដោយសារតែផេះហុយចេញពីភ្នំភ្លើង CUMBRE VIEJA ដែលផ្ទុះចាប់តាំងពី១សប្តាហ៍មកហើយ មានភាពខ្លាំងក្លា។ នេះជាការអះអាងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះអេស្ប៉ាញ។

ក្រុមហ៊ុននោះនិយាយថា ព្រលានយន្តហោះបានផ្អាកដំណើរការ មកពីផេះហុយចេញពីភ្នំភ្លើងមានសភាពខ្លាំងក្លា។ ប្រតិបត្តិការបោសសម្អាតចាប់ផ្ដើម ប៉ុន្តែសភាពការណ៍នេះអាចមានការផ្លាស់ប្ដូរគ្រប់ពេល។ កាលពីថ្ងៃទី២៤ ខែកញ្ញា ជើងហោះហើរ៧ជើងត្រូវបានលុបចោល ដោយសារហេតុផលនោះ ។
ការផ្ទុះដ៏ខ្លាំងនានា និងការបញ្ចេញពពកផេះខ្លាំងក្លា ទើបអាជ្ញាធរ ចេញបញ្ជាកាលពីថ្ងៃទី២៤ ឲ្យជម្លៀសមនុស្សចេញថែមទៀតពីសង្កាត់ជាច្រើននៃទីក្រុង EL PASO។

អាជ្ញាធរប្រជុំកោះកាណារីគូសបញ្ជាក់ថា បានបញ្ជាឲ្យជម្លៀសមនុស្សចេញពីសង្កាត់តាយ៉ូហ្គា សង្កាត់តាកានដឺអាបាហ្សួ និងសង្កាត់តាកានដ៍ដឹអារីបា។ បទបញ្ជាឲ្យជម្លៀសចេញថ្មីនោះទាក់ទិននឹងមនុស្ស១៦០នាក់ នាំឲ្យចំនួននៃមនុស្សដែលជម្លៀសចេញមានដល់ជាង៦.២០០នាក់។ ការហូរកំអែរភ្នំភ្លើងបានបន្តជាមួយការផ្ទុះថ្មី២លើកទៀត។

តាមតុល្យការថ្មីថាកំអែរភ្នំភ្លើង បានបំផ្លាញផ្ទះ ឬអគារអស់ដល់៤២០ខ្នង និងហូរចាក់លើផ្ទៃដីទំហំ ១៩០ហិកតានៃកោះនោះ ដែលសេដ្ឋកិច្ចពឹងខ្លាំងលើដំណាំចេក។ ល្បឿងនៃការហូរកំអែរ បានបំផ្លាញអ្វីៗអស់មួយផ្នែកនៃកោះនេះតែការហូរកំអែរនោះពិតជាយឺត ហើយអាជ្ញាធរមិនអាចព្យាករណ៍បានថា តើកំអែរអាចហូរចាក់ដល់មហាសមុទ្រអាត្លង់ទិកដែរឬយ៉ាងណា?។ បើកំអែរហូរចាក់ដល់សមុទ្រ នោះបណ្ដាលឲ្យមានការបញ្ចេញឧស្ម័នពុល។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក PEDRO SANCHEZ បានប្រកាសថា រដ្ឋាភិបាលអេស្ប៉ាញនឹងប្រកាសកោះប៉ាល់ម៉ាថា ជាតំបន់រងគ្រោះធម្មជាតិ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ទៅពេលប្រជុំគណៈរដ្ឋមន្ត្រី ជាវិធានការដែលប្រជាជនក្នុងតំបន់រងគ្រោះអាចទទួលបានជំនួយ៕














