អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ រោងចក្រផលិតគ្រឿងបន្សំកាបូប និងគ្រឿងបន្សំស្បែកជើង ETERNAL UNION INDUSTRY (CAMBODIA)CO.,LTD.
ខេត្តកំពង់ស្ពឺ : សេចក្តីរាយការណ៍ជាបឋមបានអោយដឹងថា រោងចក្រផលិតគ្រឿងបន្សំកាបូប និងគ្រឿងបន្សំស្បែកជើង ETERNAL UNION INDUSTRY (CAMBODIA)CO.,LTD. ដែលមានទីតាំងស្ថិតនៅភូមិព្រៃខ្វាវ ឃុំរការកោះ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅម៉ោងប្រមាណជាង៧យប់ ថៃ្ងទី២៣ ខែកញ្ញា ឆ្នាំ២០២១ ។
ក្រោយកើតហេតុ រថយន្តសង្គ្រោះពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ជាច្រើនគ្រឿងបានចេញប្រតិបត្ដិការ នៅគោលដៅ ដោយមានការជួយអន្ដរាគមន៍បន្ថែម ពីកងកម្លាំងនគរបាលជាច្រើនមកពីអង្គភាពពាក់ព័ន្ធ ។

ទាក់ទងទំហំ នៃការខូចខាត នៅទីតាំងរោងចក្រខាងលើ សមត្ថកិច្ចនគរបាលបានបញ្ជាក់ជាជំហានដំបូងថា រោងចក្រមានអគារចំនួន ០៣ខ្នង អគ្គិភ័យបានឆេះបំផ្លាញអស់ ០១ខ្នង និងបានឆេះរាលដាលឆ្លងទៅអគារទី០២ ប៉ុន្តែដោយសារតែមានការជួយអន្ដរាគមន៍ពីរថយន្ដសង្គ្រោះពន្លត់អគ្គិភ័យ បានធ្វើឱ្យអគ្គិភ័យថមថយ មិនបានបំផ្លាញអគារទី០២ ទាំងស្រុងនោះទេ ។ រីឯការខូចខាត រួមមាន សម្ភារៈនៅក្នុងអគារទី០១ ឆេះទាំងស្រុង (កាវ ស្បែក ស្នោរ និងសម្ភារៈ វត្ថុធាតុដើមប្រភេទជ័រ) ។
ករណីអគ្គិភ័យនេះ សមត្ថកិច្ច អាជ្ញាធរ និងម្ចាស់គ្រប់គ្រងនៅទីតាំងរោងចក្រ នៅមិនទាន់អាចបញ្ជាក់បានពីមូលហេតុ នៅឡើយ ៕









