ប្រទេសហ្វីលីពីននឹងសាកល្បង បើកសាលារៀនឡើងវិញ បន្ទាប់ពីការផ្អាកអស់រយៈពេលដ៏យូរ

(ម៉ានីល): ប្រទេសហ្វីលីននឹងបើកសាលារៀនឡើងវិញរហូតដល់ ១២០កន្លែង សម្រាប់ការសិក្សាក្នុងថ្នាក់ផ្ទាល់ជាលើកដំបូង គិតចាប់តាំងពីវិបត្តិជំងឺឆ្លងរាតត្បាត COVID-19 បានផ្ទុះឡើង ដែលនាំឲ្យមានការបិទសាលារៀន អស់ពេលយ៉ាងយូរអង្វែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅល្ងាចថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។
លោក ហារី រ៉ូកេ (Harry Roque) អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងត្រូវតែចាប់ផ្តើមការសិក្សាក្នុងថ្នាក់ផ្ទាល់ឡើងវិញ ព្រោះនេះមិនមែនត្រឹមជាបញ្ហាអប់រំមួយមុខនោះទេ ប៉ុន្តែវាក៏ជាបញ្ហាសំខាន់មួយសម្រាប់ សុខភាពផ្លូវចិត្តរបស់ក្មេងៗផងដែរ ហើយក៏ពាក់ព័ន្ធជាមួយសេដ្ឋកិច្ចថែមទៀតផង»។


ការបើកសាលារៀនឡើងវិញនេះ នឹងធ្វើឡើងក្រោមការសាកល្បងរយៈពេល ២ខែ។ ក្នុងនោះសាលារៀនរដ្ឋចំនួន ១០០ នៅតាមតំបន់ដែលត្រូវចាត់ទុកថា មានហានិភ័យតិចតួចអាចចូលរួមបាន ខណៈសាលារៀនចំនួន ២០ទៀត គឺសាលាឯកជន។ យ៉ាងណាមិញ ចំនួនសិស្ស និងរយៈពេល សម្រាប់ការសិក្សាក្នុងថ្នាក់នោះ គឺត្រូវបានដាក់កម្រិត។
យោងតាមរដ្ឋមន្រ្តីអប់រំ លោកស្រី លីអូណូ ប្រ៊ីអូណេស (Leonor Briones) បាននិយាយថា ប្រសិនបើការបើកសាកល្បងនេះប្រព្រឹត្តទៅ ហើយយើងមើលឃើញថា ថ្នាក់រៀននៅតាមសាលាទាំងនោះមានសុវត្ថិភាព នោះសាលារៀនដទៃៗទៀត នឹងត្រូវបើកជាបន្តបន្ទាប់។ ប៉ុន្តែវាមិនទាន់ច្បាស់ទេថា ការសាកល្បងបើកសាលារៀននេះ នឹងចាប់ផ្តើមនៅពេលណា។
គួរបញ្ជាក់ថា ហ្វីលីពីនបានបន្តផ្អាកការសិក្សានៅសាលារៀនផ្ទាល់ តាំងតែពីខែមីនា ឆ្នាំ២០២០ រហូតមក ហើយចាប់ផ្តើមថ្នាក់សិក្សាតាមប្រព័ន្ធអនឡាញ។ ហ្វីលីពីនគឺជាប្រទេសដែលរងគ្រោះដោយសារជំងឺ COVID-19 ធ្ងន់ធ្ងរជាងគេលំដាប់លេខ ២ (ឥណ្ឌូណេស៊ីឈរនៅលេខ១) នៅក្នុងចំណោមប្រទេសអាស៊ានទាំង ១០ ដោយគិតត្រឹមពេលនេះ ហ្វីលីពីនមានករណីឆ្លងសរុប ២,៣៨៥,៦១៦ករណី ក្នុងនោះស្លាប់ ៣៦,៩៣៤នាក់ និងជាសះស្បើយវិញ ២,១៧១,៨៣២នាក់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram