ខ្សែបម្រើស្លាប Coman របស់ Bayern អវត្តមានពីការប្រកួត២សប្តាហ៍ បន្ទាប់ពីវះកាត់បេះដូងខ្នាតតូច
(មុយនិច): ខ្សែបម្រើស្លាបរបស់ក្លិប Bayern Munich កីឡាករ Kingsley Coman បានទទួលការវះកាត់បេះដូងខ្នាតតូច ក្នុងសប្តាហ៍នេះ ដើម្បីព្យាបាលបញ្ហាបេះដូង ប៉ុន្តែត្រូវបានគេរំពឹងថា នឹងអវត្តមានពីការប្រកួត រយៈពេលជាង២សប្តាហ៍, នេះបើតាមសម្តីគ្រូបង្វឹកក្លិប Bayern លោក Julian Nagelsmann ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

កីឡាករសញ្ជាតិបារាំង, ដែលបានដូរចូលនៅចុងម៉ោង ក្នុងការប្រកួតឈ្នះ៣-០ លើក្រុម Barcelona ក្នុងការជម្រុះក្នុងពូល នៃលីគ Champions League កាលពីដើមសប្តាហ៍នេះ, នឹងបន្តចាប់ផ្តើមហ្វឹកហាត់ឡើងវិញ យ៉ាងលឿនបំផុត នៅសប្តាហ៍ក្រោយ បន្ទាប់ពីទទួលការវះកាត់ កាលពីថ្ងៃព្រហស្បតិ៍។
( គាត់មានចង្វាក់បេះដូងលោតខ្សោយ ដែលជាបញ្ហាចង្វាក់បេះដូងតូចតាច ) នេះបើតាមសម្តីលោក Nagelsmann បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មាន។ ( គាត់មានខ្យល់ដង្ហើមតិចជាងធម្មតាបន្តិច។ នេះជាមូលហេតុដែលយើង សម្រេចចិត្តធ្វើការវះកាត់។ គាត់ត្រូវបានវះកាត់ កាលពីថ្ងៃម្សិលមិញ )។
ក្លិបម្ចាស់ពានរង្វាន់ Bayern Munich, ជាមួយនឹងការឈ្នះ៣ប្រកួត ពីការប្រកួតបើកឆាកចំនួន៤លើក នៅលីគ Bundesliga នោះ, នឹងត្រូវប្រកួតតទល់នឹងក្រុម VfL Bochum នាថ្ងៃសៅរ៍សប្តាហ៍នេះ បន្ទាប់ពីការយកឈ្នះលើក្រុម Barcelona៕


