ប៉ូលិសខណ្ឌ៧មករា ដែលយកអាយឌី វាយនារីម្នាក់រងរបួសធ្ងន់ពេលនេះត្រូវបានឃាត់ខ្លួនហើយ

ភ្នំពេញ៖លោក ម៉ាត់ ពិសី មន្ត្រីអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ត្រូវបានឃាត់ខ្លួនហើយ ក្រោយពីបានយកអាយឌី វាយនារីម្នាក់បណ្តាលអោយ រងរបួសធ្ងន់ ហើយត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ គឺ ៖
១. មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកើតហេតុរួច ។


២. បើស្រាវជ្រាវហើយឃើញថាមានកំហុស មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំងផងដែរ ។
៣. ចំពោះអ្នកបើកបរល្មើសច្បាប់ បើកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចអនុវត្តច្បាប់ចរាចរណ៍នោះ មានម៉ូតូមួយគ្រឿងបានល្មើសច្បាប់ចរាចរណ៍ ហើយបានបើកបញ្ច្រាសមកវិញ ដើម្បីរត់គេចខ្លួន ក៏ត្រូវបានលោក ម៉ាត់ ពិសី មន្ត្រីអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា យក អាយឌី វាយចំនារីម្នាក់អង្គុយពីក្រោយ បណ្តាលអោយដួល និង បែកក្បាលយ៉ាងធ្ងន់ធ្ងរ ។
តាមរយៈឃ្លីបវីដេអូ ដែលថតបាន នោះ ធ្វើអោយមហាជនមានការរិះគន់យ៉ាងខ្លាងក្លា ទៅលើមន្ត្រីអនុវត្តច្បាប់រូបនេះ ។
មាត្រា៦១ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចែងថា ( ក្នុងការឃាត់យានជំនិះដើម្បីត្រួតពិនិត្យ នគរបាលចរាចរណ៍ផ្លូវគោកត្រូវអនុវត្តដោយជៀសវាងការធ្វើអោយស្ទះចរាចរណ៍ ឬ ការបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ ) ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram