នារីវ័យក្មេងចំនួន២នាក់ ក្នុងនោះម្នាក់ជាអ្នករួមដំណើរ និងម្នាក់ទៀតជាអ្នកបើកបររថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX៣៣០ មិនដឹងថាមានរឿងអ្វីនោះទេ ស្រាប់តែជ្រុលទៅបុ.ករះរថយន្ដចំនួន៣គ្រឿង និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងចំនួន២នាក់ ក្នុងនោះម្នាក់ជាអ្នករួមដំណើរ និងម្នាក់ទៀតជាអ្នកបើកបររថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX៣៣០ មិនដឹងថាមានរឿងអ្វីនោះទេ ស្រាប់តែជ្រុលទៅបុ.ករះរថយន្ដចំនួន៣គ្រឿង និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ហើយនារីជាអ្នកបើករថយន្តបានចុះទៅរករឿងសមត្ថកិច្ច ព្រមទាំងដោះស្បែកជើងកែង វា.យអ្នកព៍ត័មានដែលចុះទៅថតរូបនាង បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅផ្លូវបេតុង លូប្រាំ កែងផ្លូវចូលបុរីសូនី ដែលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
រថយន្តបង្កមួយគ្រឿងខាងលើម៉ាកឡិចស៊ីស RX៣៣០ ពណ៌ស ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 02 .2.3508 បើកបរដោយរនារីម្នាក់មិនស្គាល់អត្តសញ្ញាណ និងនារីម្នាក់ទៀតដែលជាអ្នករួមដំណើរ ក៏មិនស្គាល់អត្តសញ្ញាណដែរ ។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញនារីវ័យក្មេង២នាក់ មិនដឹងថា ចេញពីកម្មវិធីជួបជុំផឹកស៊ីនៅទីណានោះទេ បានជិះរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX៣៣០ ពណ៌ស ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 02 .2.3508 ធ្វើដំណើរតាមផ្លូវបេតុងលូប្រាំ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ព្រមទាំងស្រវឹងទៀតផង ។
តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា លុះមកដល់ចំនុចកើតហេតុខាងលើ រថយន្តម៉ាកឡិចស៊ីសនោះក៏បានរេចង្កូតជ្រុលទៅរះរថយន្តម៉ាកកាម៉ារី ហាយប្រ៊ីដ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2G-6966 ជិះដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យរងការខូចខាត បាក់កង់ក្រោយចំហៀងខាងឆ្វេង ហើយរថយន្តបង្កបានបើកបន្តទៅមុខជ្រុលទៅបុកនឹងរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BD-5623 បណ្ដាលឲ្យរងការខូចខាតបាក់កង់ ក្រោយចំហៀងខាងឆ្វេង និងធ្លាក់កាងខាងក្រោយ ។

តាមប្រភពព័ត៌មានបានឱ្យដឹងបន្តទៀតថា បន្ទាប់មករថយន្តបង្កមិនព្រមឈប់នោះទេ គឺបើកទៅមុខ១០ម៉ែត្រ ក៍ជ្រុលទៅបុកនិងរថយន្តមួយគ្រឿងម៉ាកមីតស៊ុយប៊ីស៊ី ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AT-8851 បណ្តាលឱ្យរងការខូចខាតផែ្នកខាងមុខបន្តិច ហើយរថយន្តបង្កបន្តទៅបុ.កម៉ូតូកង់បីឥណ្ឌា ពណ៌ស មួយគ្រឿងទៀតដែលជួយបើកដេញឃាត់ បណ្ដាលឲ្យរងការខូចខាតផែ្នកខាងក្រោយបន្តិច ទើបរថយន្តបង្កបែកកង់ និងក្រពឹតថ្ពាល់មុខចំហៀងខាងឆ្វេងទៅមុខលែងរួច ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ មិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ប៉ុន្តែនារីវ័យក្មេងជាអ្នកបើកបរ បានចុះពីលើរថយន្តទៅរករឿងប្រជាការពារសង្កាត់ និងសមត្ថកិច្ច មិនតែប៉ុណ្ណោះ នារីជាអ្នកបើករថយន្តបានដេញវា.យ និងដោះស្បែកជើងកែង វា.យនិងគប់ទៅលើអ្នកសារព័ត៌មាន ដែលចុះទៅថតរូបនាងថែមទៀតផង ។
ក្នុងករណីខាងលើនេះដែរ ទោះបីជាសមត្ថកិច្ចមូលដ្ឋានប្រឹងនិយាយលួងលោមយ៉ាងណា ក៏នារីរូបនោះមិនស្តាប់ដែរ នៅតែដើរចុះឡើងៗ ពីកន្លែងមួយទៅកន្លែងមួយ រករឿងគេឯង រហូតទាល់តែមានមិត្តភក្តិមកនិយាយលួងលោម ទើបនារីរូបនោះបាន រត់ចូលទៅអង្គុយសម្ងំក្នុងរថយន្តបង្ករបស់ខ្លួនបាត់ទៅ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យបានចុះទៅកន្លែងកើតហេតុ ដើម្បីជួយសម្របសម្រួល ដោយភាគីខាងម៉ូតូកង់បីឥណ្ឌា រងការខូចខាតតិចតួច ក៏បានសុំយករួចខ្លួន ដោយមិនទាមទារសំណងនោះទេ នៅសល់តែរថយន្តដែលរងការខូចខាតទាំង៣គ្រឿង មានតំណាងភាគីខាងរថយន្តបង្កបានចុះមកសម្របសម្រួល និងជួយចេញថ្លៃការជួសជុល ទៅអោយភាគីខាងរថយន្តទាំង៣គ្រឿង ដើម្បីបញ្ចប់រឿងតែម្តង ៕

















