Apple ប្រកាសពន្យារពេលផែនការស្គេនរូបភាពរបស់អ្នកប្រើប្រាស់ដើម្បីស្វែងរករូបភាពកេងប្រវ័ញ្ចលើកុមារ ក្រោយពីមានការិះគន់ខ្លាំង

(អាមេរិក)៖ បន្ទាប់ពីមានការជំទាស់អំពីសិទ្ធិឯកជនភាពរបស់អ្នកប្រើប្រាស់ នៅថ្ងៃសុក្រម្សិលមិញនេះ ក្រុមហ៊ុន Apple បានប្រកាសពន្យារផែនការរបស់ខ្លួនក្នុងការស្គេនទៅលើបណ្ដាល័យរូបភាព (photo libraries) របស់អ្នកប្រើប្រាស់ ដើម្បីស្វែងរក រូបភាព នៃ ការកេងប្រវ័ញ្ចលើកុមារ។


យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីខែមុន ក្រុមហ៊ុន Apple មានផែនការធ្វើការស្គេនទៅលើបណ្ដាល័យរូបភាពរបស់អ្នកប្រើប្រាសក្នុងគោលបំណងជួយការពារកុមារអំពីសកម្មភាពកេងប្រវ័ញ្ច និងសកម្ម ភាពរំលោភលើកុមារផ្សេងៗ ប៉ុន្តែផែនការមួយនេះត្រូវបានអ្នកប្រើប្រាស់មានការប្រតិកម្មខ្លាំង។
ក្រុមហ៊ុន Apple បានប្រកាសថា នឹងប្រើប្រាស់បច្ចេកវិទ្យាដើម្បីស្គេនរូបភាពនៅមុនពេល Upload ចូល iCloud ប៉ុន្តែទង្វើមួយនេះ ត្រូវបានអ្នក ប្រើប្រាស់លើកឡើងថា វាបានរំលោភលើសិទ្ធិជាឯកជនភាព និងបានល្មើសទៅនឹងច្បាប់ផងដែរ ដូច្នេះ Apple គួរតែពិចារណា ឡើងវិញ និងប្រើប្រាស់នូវវិធីសាស្ត្រផ្សេងដើម្បីជួយការពារកុមារ។


ក្រុមហ៊ុន Apple បានត្រឹមតែប្រកាសថា ផែនការមួយនេះត្រូវបានពន្យារពេលប៉ុណ្ណោះ ប៉ុន្តែមិនបានបញ្ជាក់ថា ពន្យារពេលដល់ពេលណានោះទេ គ្រាន់តែឱ្យដឹងថា ការប្រើប្រាស់បច្ចេកទេសនេះត្រូវការពេលវេលាយូរបន្តិចក្នុងការធ្វើ និងត្រូវសាកល្បងមុន ពេលដាក់ចេញជាផ្លូវការ។
គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យា ឬផែនការមួយនេះ ត្រូវបានក្រុមហ៊ុន Facebook, Google និង Dropbox រួមនឹងក្រុមហ៊ុនផ្សេងៗទៀត បានប្រើប្រាស់ជាយូរមកហើយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram