រដ្ឋបាលខេត្តព្រះសីហនុ បន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ១៤ថ្ងៃ ក្នុងភូមិសាស្ត្រខេត្ត
(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី០៦ ខែសីហា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីណែនាំរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន CPNS News ទទួលបាននៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ។

ក្នុងលិខិតណែនាំរបស់លោក គួច ចំរើន បានបញ្ជាក់ថា ដោយសារស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» នៅក្នុងខេត្តព្រះសីហនុនៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយ ហើយកំពុងមានការឆ្លងរាលដាលជាបន្ទាប់បន្ទាប់ទៀត ដើម្បីធានាការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ ក៏ដូចជាសណ្តាប់ធ្នាប់សង្គមរដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំដូចខាងក្រោម៖
*បន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី០៦ ខែសីហា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

*គ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវតែបន្តផ្អាកការលក់ដូរ និងចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ។
*គ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានអាហារ-ភេសជ្ជៈ និងអាជីវករលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទត្រូវបន្តផ្អាករាល់ការបម្រើគ្រឿងស្រវឹងជូនភ្ញៀវជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃបន្ថែមទៀត។

ក្នុងករណីប្រជាពលរដ្ឋ អ្នកគ្រប់គ្រងផ្សារ អ្នកគ្រប់គ្រងក្រុមហ៊ុន ឬដេប៉ូចែកចាយ ម្ចាស់ហាង ម្ចាស់ តូបលក់ដូរ ក៏ដូចជាម្ចាស់ទីតាំងអាជីវកម្មពាក់ព័ន្ធការលក់ដូរគ្រឿងស្រវឹង ដូចរៀបរាប់ខាងលើមិនអនុវត្តតាមសេចក្តីណែនាំនេះ ត្រូវទទួលវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ។

ទទួលបានសេចក្តីណែនាំនេះ នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ អ្នកគ្រប់គ្រងផ្សារ ម្ចាស់ក្រុមហ៊ុន ម្ចាស់ដេប៉ូ ម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទ អាជីវករ និងប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕

