អាជ្ញាធរទាំង១៤ខណ្ឌ អនុវត្តបម្រាមគោចរ ចាប់ពីម៉ោង៩យប់ ដល់៣ទៀបភ្លឺ នៅរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ នាយប់ថ្ងៃទី៣០ កក្កដា ២០២១នេះ កម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចេញល្បាតត្រួតពិនិត្យ តាមគ្រប់គោលដៅនៅមូលដ្ឋានខ្លួន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសអនុវត្តបម្រាមគោចរ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ទៀបភ្លឺ ។


ការអនុវត្តបម្រាមគោចរ (ពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ) ដោយអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ និងសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការអនុវត្តបម្រាមគោចរ ចាប់ពីម៉ោង២៣និង៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក៏ដូចជាអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។

ដោយឡែកលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅយប់ថ្ងៃទី៣០ កក្កដា ២០២១នេះ បានបង្ហាញវិធានការច្បាប់ សម្រាប់អ្នកដែលមិនគោរពវិធានការរដ្ឋបាល ឬរារាំងដល់ការអនុវត្តវិធានការ ដែលដាក់ចេញដោយអាជ្ញាធរ ៕





