ជប៉ុន ផ្តល់ជំនួយប្រមាណ ៣,៣១លានដុល្លារដល់កម្ពុជា លើគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ចំនួន ៣៦២លានយ៉េន ស្មើនឹង ៣,៣១លានដុល្លារអាមេរិក ដើម្បីយកទៅប្រើប្រាស់អនុវត្តលើគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។
ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះនឹងត្រូវចុះហត្ថលេខានៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងថា ការផ្តល់ហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការលើកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ក៏ដូចជាជួយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរផងដែរ៕



