ផ្លូវ21A ក្រោមស្ពានព្រែកសំរោង ពេលគ្មានភ្លៀងហុយខ្លាំង ពេលភ្លៀងក្លាយជាភក់ជ្រាំ , ពលរដ្ឋរិះគន់ អាជ្ញាធរក្រុងតាខ្មៅ មិនខ្វាយខ្វល់ទាល់តែសោះ
កណ្តាល៖តាមបណ្ដោយផ្លូវផ្លូវ21A ជាពិសេសចំណុចក្រោមស្ពានព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល តែម្តង ត្រូវបានប្រជាពលរដ្ឋលើកឡើងថា «បើសិនមិនមានភ្លៀងគឺហុយខ្លាំង តែបើមានភ្លៀងតែបន្តិចបន្ទួចប៉ុណ្ណោះនឹងក្លាយទៅជាភក់ជ្រាំ» ដែលធ្វើឲ្យខូចសោភ័ណភាព និង ពិបាកធ្វើដំណើរខ្លាំងណាស់ ។


ប្រជាពលរដ្ឋក្រោមស្ពានព្រែកសំរោង បានប្រាប់មកអង្គភាពសារព័ត៌មាន CPNS NEWS នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ ថា ដីដែលក្លាយជាភក់ជ្រាំ នាពេលនេះ ដោយសារតែបានធ្លាក់ពីលើក្រុមឡានដឹកដី ដឹកខ្សាច់ ដែលដឹកចេញពីដេប៉ូជាច្រើនកន្លែង នៅសង្កាត់ស្វាយរលំ ដែលក្នុងមួយថ្ងៃៗ ដឹករាប់រយឡានភាគច្រើនដឹកគ្មានការគ្របត្រឹមត្រូវនោះទេ ។
ប្រជាពលរដ្ឋដែលសុំបញ្ចេញឈ្មោះ ថ្លែងទៀតថា អាជ្ញាធរក្រុងតាខ្មៅ ហាក់មានវិធានការមិនមានប្រសិទ្ធភាពទាល់តែសោះ ដោយយូរៗឃើញមកបោសសម្អាតម្ដង តែក្រោយមកអ្វីៗបានវិលត្រឡប់មកសភាពដើម វិញ ពោលគឺ «គ្មានភ្លៀងដីហុយខ្លាំង តែបើមានភ្លៀងបន្តិចបន្តួចនឹងក្លាយជាភក់ជ្រាំ» ។

ជាការកត់សម្គាល់ ក្រុងតាខ្មៅ នៅចំណុចក្រោមស្ពានព្រែកសំរោងក្ដី តាមផ្លូវលេខ១១៥ ក្ដី និង ផ្លូវមួយចំនួនទៀត ត្រូវបានប្រជាពលរដ្ឋជាទូទៅ ធ្វើការរិះគន់ចំពោះអាជ្ញាធរក្រុងតាខ្មៅ ដែលមានចំណាត់ការមិនមានប្រសិទ្ធភាពទាល់តែសោះ ចំពោះក្រុមឡានដឹកដីដឹកខ្សាច់ ដែលកំពុងតែធ្វើចរាចរណ៍ជារៀងរាល់ថ្ងៃបង្កនូវការលំបាកដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរជាខ្លាំង ៕




