ពលរដ្ឋរិះគន់តម្លៃប្រេងឥន្ធនៈឡើងថ្លៃ តែក្រសួងពាណិជ្ជកម្មថា គិតតាមទីផ្សារអន្តរជាតិ
រាជធានីភ្នំពេញ ៖ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបច្ចុប្បន្ននេះ ត្រូវបានគេគិតតាមតម្លៃទីផ្សារអន្តរជាតិ ប៉ុន្តែយកមកគណនាតាមរូបមន្តទូទៅ ដើម្បីឲ្យក្រុមហ៊ុនប្រេងក្នុងស្រុកលក់នៅលើកទីផ្សារ ។ នេះបើតាមក្រសួងពាណិជ្ជកម្ម ។


ការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មនេះ ខណៈដែលតម្លៃប្រេងឥន្ធនៈមួយរយៈពេលនេះ គេសង្កេតឃើញថា មានការហក់ឡើងខ្ពស់ដែលធ្វើឲ្យប្រជាពលរដ្ឋមានចង្ងល់យ៉ាងខ្លាំង ពិសេសនោះការលក់ចេញពីក្រុមហ៊ុនដែលកំពុងប្រកបអាជីវកម្មប្រេង នៅក្នុងប្រទេសកម្ពុជាមានតម្លៃខុសគ្នា ។

យ៉ាងណាក្តី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី២១ ខែកក្កដានេះយ៉ាងដូចនេះថា ៖«សូមបញ្ជាក់ជូនផងដែរថា ពាក់ព័ន្ធនឹងការបោះផ្សាយនូវសេចក្ដីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ៍នានាដែលក្រសួងពាណិជ្ជកម្មបាន និងអនុវត្តកន្លងមកមិនមែនជាការកំណត់ថ្លៃលក់រាយនៃប្រេងឥន្ធនៈនៅកម្ពុជានោះទេ តែនេះ គឺជាយន្តការមួយដែលជួយផ្សព្វផ្សាយ ដោយតម្លាភាពនូវការឡើងចុះនៃថ្លៃនៃប្រេងឥន្ទនៈដែលមានការប្រែប្រួលរត់តាមការប្រែប្រួលថ្លៃនៃប្រេងឥន្ទនៈនៅក្នុងទីផ្សារអន្តរជាតិ ដោយក្រសួងគ្រាន់តែយកកត្តានានាទាក់ទងនឹងថ្លៃមកគណនាតាមរូបបមន្តទូទៅ ហើយបញ្ចេញឱ្យសាធារណជនជ្រាបអំពីថ្លៃប្រេងឥន្ទនៈដែលក្រុមហ៊ុនប្រេងក្នុងស្រុកកំពុងប្រកបអាជីវកម្មនៅកម្ពុជាតែប៉ុណ្ណោះ»។

ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានលើកឡើងចំពោះការធ្វើសន្ទស្សន៍ថ្លៃទំនិញចរាចរក្នុងទីផ្សារកម្ពុជាជាប្រចាំថា ក្រសួងពាណិជ្ជកម្មមានភារកិច្ចសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រឹមតែស្រង់សន្ទស្សន៍ថ្លៃទំនិញទូទៅ ដើម្បីប្រើប្រាស់ជាស្ថិតិសម្រាប់ការងារស្រាវជ្រាវ ការវិភាគ និងតាមដានអត្រាអតិផរណាសំដៅដាក់ចេញនូវវិធានការណាមួយដែលអាចជួយសម្រួលដល់លំហូរទំនិញនៅក្នុងស្រុក និងនាំចេញ-នាំចូលតាមយន្តការទីផ្សារសេរី តែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងសំណូមពរឱ្យមានយន្តការសម្រាប់ស្រង់ និងសម្របសម្រួលលើបរិមាណ និងថ្លៃលក់មុខទំនិញយុទ្ធសាស្ត្រណាមួយនៅលើទីផ្សារ នោះឯកឧត្តមថា ក្រសួងពាណិជ្ជកម្មនឹងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសុំឱ្យមានកិច្ចប្រជុំពិភាក្សាក្រោមក្របខ័ណ្ឌគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុននឹងគោរពស្នើសុំអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលលើបញ្ហានេះ ៕
