សត្វខ្លាពពកដ៏កម្រដែលជាប់អន្ទាក់នៅខេត្តកំពត កំពុងព្យាបាលនៅភ្នំតាម៉ៅ ព្រោះជើងក្រោយទាំងពីរនិង ជើងមុខម្ខាងរងរបួស
តាកែវ៖ សត្វខ្លាពពកដ៏កម្រដែលជាប់អន្ទាក់នៅខេត្តកំពត ពេលនេះអង្គការសម្ព័ន្ធមិត្តសត្វព្រៃនាំយកមកឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីសង្គ្រោះព្យាបាល។ នេះបើតាមទំព័រហ្វេសបុកផ្លូវការសួនសត្វភ្នំតាម៉ៅ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងមានការចូលរួមពីមន្ត្រីក្រោមឱវាទមួយចំនួនផងបានសម្រេចទិញសត្វខ្លាពពកមួយក្បាលពីអ្នកដាក់អន្ទាក់ ដើម្បីលែងចូលក្នុងព្រៃវិញ។

លោកស្នងការខេត្តកំពត បានប្រាប់ឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោកបានទទូលដំណឹងថាមានអ្នកឃុំស្ទឹងកែវ ស្រុកទឹកឈូ បានដាក់អន្ទាក់ជាប់សត្វខ្លាពពកមួយក្បាល។ ជាមួយព័ត៌មាននេះ ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទើបលោក និងមន្ត្រីក្រោមឱវាទមួយចំនួន សម្រេចទិញសត្វកម្រមួយក្បាលនេះ ដើម្បីយកទៅលែងចូលក្នុងព្រៃវិញ។

ខ្លាពពកជាប្រភេទសត្វដ៏កម្រ ដែលកំពុងប្រឈមនឹងការផុតពូជនៅលើពិភពលោក ដោយសត្វប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហមអាយ.យូ.ស៊ី.អិន និងបញ្ជីឧបសម្ព័ន្ធសាយតេស ដែលជាប្រភេទសត្វងាយទទួលរងនូវការគំរាមកំហែងដោយសារការបរបាញ់ ក៏ដូចជាការខ្វះជម្រកជាដើម ហើយសត្វប្រភេទនេះបាននឹងកំពុងឈានដល់ការបាត់បង់ដោយមកដល់បច្ចុប្បន្នត្រូវបានផុតពូជនៅប្រទេសបង់ហ្លាដេស សិង្ហបូរី និងតៃវ៉ាន់ទៅហើយ។ ដោយឡែកនៅកម្ពុជា ខ្លាពពកមានវត្តមាននាភូមិភាគឦសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា៕


