ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចហើយ

ភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក ឌុច សុវណ្ណារី ពី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច ។ នេះបើយោងតាមព្រះរាជកិច្ចដែលសកម្មជនហ្វេសប៊ុកកម្ពុជាទើបទទួលបានមុននេះបន្តិច ។


គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា «ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី អោយនៅជារដ្ឋលេខាធិការក្រសួងបាន តទៅទៀតទេ គឺ ត្រូវដកចេញពីតំណែង ព្រោះលោកមិនសាកសមជាមន្ត្រីដឹកនាំទៀត ដោយខ្វះគុណធម៌» ។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញសង្គម Facebook នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។


សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា «ខ្ញុំបានចូលរួមរំលែកទុក្ខ តាមរយៈលោកជំទាវ ម៉ែន សំអន ចំពោះមរណៈភាពបង ហុង ថែម ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩។ខ្ញុំមិននឹកស្មានដល់សោះថា ខ្ញុំ មានមន្ត្រីមួយរូប ថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវម៉ែន សំអន សុំអោយដកចេញក៏មិនព្រមដកដែរ»។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ថា «ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី អោយនៅជារដ្ឋលេខាធិការក្រសួង បានតទៅទៀតទេ គឺ ត្រូវដកចេញពីតំណែងព្រោះលោកមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌» ។
សូមបញ្ជាក់ថា លោក ឌុច សុវណ្ណារី បានសរសេរតាមបណ្តាញសង្គម Facebook នាពេលថ្មីៗនេះ ថា «ថ្ងៃនេះ សុំបានទទួលដំណឹងថា មនុស្សម្នាក់ដែលតែងតែអគតិចំពោះកូនចៅក៏ដូចជារូបខ្ញុំ បានលាចាកលោកទៅហើយ ដោយសារកូវីដ ខ្ញុំមិនបានចូលរួមជូនដំណើរទេហើយក៏សូមអហោសិកម្មជូនគាត់ ហើយសូមបួងសួង បើជាតិក្រោយមានសំណាងបានកើតជាមនុស្ស សូមឱ្យមានចិត្តទូលាយដឹងខុស ដឹងត្រូវជាងនេះកុំ ត្រចៀកស្រាលដូចជាតិនេះទៀត»៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram