រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីណែនាំស្តីពីការផ្អាកលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១សប្តាហ៍….

(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីណែនាំស្តីពីការផ្អាកលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១សប្តាហ៍ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ខណៈស្ថានភាពជំងឺកូវីដ មិនទាន់ធូរស្រាល។
បើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន CPNS NEWS ទទួលបាននៅយប់ថ្ងៃទី១២ ខែកក្កដានេះ បានឱ្យដឹងថា នៅក្នុងខេត្តស្វាយរៀង នៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយ ហើយកំពុងមានការឆ្លងរាលដាលជាបន្តបន្ទាប់ទៀត ដូច្នេះ ដើម្បីធានាការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ ក៏ដូចជាសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការណែនាំដូចខាងក្រោម៖


ទី១៖ បន្តផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀងគ្រប់ផ្សាររដ្ឋ ផ្សារឯកជនផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ ទីតាំងអាជីវកម្មផ្នែកអាហារ ភេសជ្ជៈ និងដេប៉ូចែកចាយគ្រឿងស្រវឹង ត្រូវផ្លាកនូវការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។
ទី២៖ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ចំពោះការជួបជុំប្រមូលផ្តុំគ្នាច្រើន ពីផ្ទះមួយទៅផ្ទះមួយ ដើម្បីពិសារគ្រឿងស្រវឹង ត្រូវបានហាមឃាត់ជាដាច់ខាត។

និងទី៣៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការណែនាំស្តីពីការហាមឃាត់ និងទប់ស្កាត់ការជួបជុំការលក់ដូរ និងពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងករណីប្រជាពលរដ្ឋ អ្នកគ្រប់គ្រងផ្សារ ម្ចាស់ដេប៉ូចែកចាយម្ចាស់ហាងម្ចាស់តូបលក់ដូរក៏ដូចជាម្ចាស់ទីតាំងអាជីវកម្មពាក់ព័ន្ធនឹងការលក់ដូរគ្រឿងស្រវឹងដូចរៀបរាប់ខាងលើ មិនអនុវត្តតាមការណែនាំនេះនឹងត្រូវទទួលទណ្ឌកម្មស្របតាមវិធានការរដ្ឋបាល។


រដ្ឋបាលខេត្តបានក្រើនរំឮកថា ទទួលបានសេចក្តីណែនាំនេះនាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ អ្នកគ្រប់គ្រងផ្សារម្ចាស់ដេប៉ូ ម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទ អាជីវករ និងប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តសេចក្តីណែនាំនេះប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram