ទីក្រុងបាងកក : អ្នករៀបចំកម្មវិធី MissGrand របស់ថៃ កំពុងព្យាបាលជំងឺកូវីដ
ទីក្រុងបាងកក ៖ ពិធីករទូរទស្សន៍លោក Nawat Itsaragrisil និងជាអ្នករៀបចំកម្មវិធីដ៏ល្បីប្រចាំប្រទេសថៃ ប្រលង Miss Grand International បានបង្ហោះនៅលើផេកហ្វេកប៊ុករបស់លោកថា ពេលនេះលោកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ។

ជាមួយស្ថានភាពបែបនេះ លោកក៏បានសរសេរសារសុំទោសដល់មិត្តរួមការងារ មនុស្សទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយលោក ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ហើយប្រញាប់ទៅធ្វើតេស្តសំណាក រកមេរោគកូវីដ-១៩ និងដាក់ខ្លួននៅដាច់ដោយឡែក តាមដានសុខភាព ដើម្បីសុវត្ថិភាពរបស់អ្នកទាំងអស់គ្នា ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នាមានសុវត្ថិភាព ។ លោកសូមទោសដោយស្មោះត្រង់ចំពោះបញ្ហាដែលកើតឡើងនេះ ។

ប្រទេសថៃនៅពេលនេះ វីរុសបំប្លែងខ្លួនថ្មីមានការឆ្លងខ្លាំង និងរីករាលដាលលឿនបំផុត ស្ទើរតែពេញផ្ទៃប្រទេស ។ នៅថ្ងៃទី០៨ កក្កដា ២០២១នេះ ប្រទេសថៃ បានរាយការណ៍ថា រកឃើញករណីឆ្លងកូវីដ-១៩ បន្ថែមថ្មីចំនួន ៧,០៥៨នាក់ និងមានអ្នក ស្លា ប់ចំនួន ៧៥នាក់ ។ នាំឲ្យចំនួនអ្នកឆ្លងកូវីដ សរុប៣០៨,២៣០នាក់ និងអ្នកជាសះស្បើយសរុប ចំនួន២៣៦,១៤៩នាក់ ៕


