រហូតមកដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ផ្សារសាមគ្គីហៅ (ប៉ាហ៊ី)បានបន្តបិទបន្ថែមទៀត ក្រោយពីសង្កេតឃើញមានអាជីវករមួយចំនួន មិនគោរពបំរាម…
ខេត្តប៉ៃលិន៖ រហូតមកដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ផ្សារសាមគ្គីហៅ (ប៉ាហ៊ី) ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបន្តបិទបន្ថែមទៀត ក្រោយពីសង្កេតឃើញមានអាជីវករមួយចំនួន ដែលលក់ដូរនៅក្នុងផ្សារខាងលើបានល្មើសនឹងបំរាម ដោយនាំគ្នាទៅបើកតូបលក់ដូរ មុនថ្ងៃប្រកាសឲ្យបើកដំណើរការពីសំណាក់អាជ្ញាធរ។
ហេតុការណ៍ហ៊ុព័ទ្ធខ្សែពណ៌លឿង បិទខ្ទប់បន្ថែម ១៤ថ្ងៃទៀតនេះ គឺធ្វើឡើង កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រោយពីបិទអស់រយៈពេល ១៥ថ្ងៃមកហើយ គឺចាប់បិទផ្សារតាំងពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដោយគ្មានថ្ងៃកំណត់ ក្រោយពីរកឃើញអាជីវករ កើតមានជំងឺកូវិដ-១៩។

អាជីវករ ដែលមកបើកតូបលក់មុនថ្ងៃប្រកាសឲ្យបើកដំណើរការពីសំណាក់អាជ្ញាធរ បានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងតៗគ្នាថា ខាងគណ:កម្មការផ្សារ ឲ្យមក រៀបចំបោសសំអាតតូប និងត្រៀមលក់ដូរឡើងវិញ ទើបពួកគាត់នាំគ្នា មកបើកបន្តបន្ទាប់គ្នាតែម្តង។ ម្យ៉ាងវិញទៀត ដោយសង្កេតឃើញ មានអ្នកខ្លះ មកបើកតូបលក់ធម្មតា ទើបមានអ្នកផ្សេង មកបើកជាបន្តបន្ទាប់ដែរ ដោយគិតជាភាគរយប្រហែលជា ១០ ទៅ ១៥ភាគរយ។ លុះឃើញបិទបន្តទៀត ម្នាក់ៗ រអ៊ូរទាំ និងព្រួយបារម្ភពីជីវភាពប្រចាំថ្ងៃ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ លោក អ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្តប៉ៃលិន បានប្រាប់តាមទូរស័ព្ទថា ដោយគេមិនទាន់គ្រប់គ្រងការរីករាលដាលនៃជំងឺកូវិដ-១៩ នៅក្នុងផ្សារនេះ បានទាំងស្រុងនៅឡើយទេ ហើយបើចង់ដឹងច្បាស់លោកឲ្យទៅសួរនាំខាងរដ្ឋបាលក្រុងប៉ៃលិនវិញ។

ចំណែកអភិបាលក្រុងប៉ៃលិន លោក ស៊ុនយី បានឲ្យដឹងថា មូលហេតុ ដែលអាជ្ញាធរ បិទខ្ទប់បន្តទៀត ព្រោះ ទី១. ដោយសារតែនៅក្នុងផ្សារ អាចមានករណីឆ្លងបន្តទៀត ទើបធ្វើចត្តាឡីស័ក ផ្សារបន្ថែម ១៤ថ្ងៃបន្ថែម និងទី២. ដោយសារអាជីវករបំពានវិធានការរបស់ក្រសួងសុខាភិបាល នាំគ្នាលក់មុនថ្ងៃកំណត់។

ជាមួយគ្នានេះដែរ អាជីវករមួយចំនួន បានលើកឡើងថា បើការបិទ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវិដ-១៩ គឺជាការល្អ ពួកគាត់មានការគាំទ្រ តែបើជាការបិទ ព្រោះតែខឹងក្តៅក្រហាយជាមួយនឹងអាជីវករមួយចំនួន ដែលបំពាននូវវិធានរបស់ក្រសួងសុខាភិបាល គឺវាពិតជាប៉ះពាល់ដល់ជីវភាពអាជីវករមួយចំនួនធំ ដែលពួកគាត់គោរពតាមវិធានសុខាភិបាលសុខចិត្តបិទទ្វារតូបរហូត ១៥ថ្ងៃ បែរជារងគ្រោះ ដូចអ្នកបំពាននោះដែរ៕

