រថយន្តស៊េរីទំនើប បើកឆ្លងផ្លូវ ទៅបុករថយន្តដឹកគោ…

ភ្នំពេញ ÷ បុរសម្នាក់ទំនងជាស្រវឹង បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានបើកឆ្លងគន្លងផ្លូវ ជ្រុលទៅបុករថយន្តដឹកគោ របស់ក្រុមហ៊ុន LMH ចំពីចំហៀងមុខពេញទំហឹង នៅមិនទាន់អស់ល្បឿន ជ្រុលទៅបុកចូលទ្វារផ្ទះប្រជាពលរដ្ឋ និងកង់១គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ។ សំណាងល្អ មិនមានគ្រោះថ្នាក់ទៅដល់មនុស្ស។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង ២០ នាទីយប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥៩៨ ចំណុចជាប់នឹងរង្វង់មូលកាំកូ នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តដឹកគោរបស់ក្រុមហ៊ុនLMH មួយគ្រឿងក្បាលពណ៌ក្រហម ពាក់ផ្លាកលេខ ពោធិ៍សាត់ 3-A 1446 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនិងព្រូជាច្រើននាក់ទៀត បានធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2-A Q 7756 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសគ្នាពីលិចមកកើត ក្នុងល្បឿនលឿន បានបើកឆ្លងគន្លងផ្លូវ ជ្រុលទៅបុករថយន្តដឹកគោរបស់ក្រុមហ៊ុនLMH ចំពីចំហៀងខាងមុខ ពេញទំហឹងបន្តទៅបុកទ្វារផ្ទះប្រជាពលរដ្ឋ រងការខូចខាតកង់១គ្រឿង និងសម្ភារមួយចំនួន ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខ ស្ទើរទាំងស្រុង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់រួចបានឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា បន្ទាប់មកដោយភាគីខាងរថយន្តបង្ក និងរងគ្រោះ មិនចង់វែងឆ្ងាយ ក៏សុំស្មើគ្នាយករថយន្តទៅជួសជុលរៀងខ្លួន ចំណែករថយន្តបង្ក ព្រមសងសំណងទៅលើសម្ភារម្ចាស់ផ្ទះ១០០$ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram