រថយន្តបុកជាមួយម៉ូតូរថយន្តមិនបានឈប់នោះទេ គឺអូសម៉ូតូដែលជាប់ពីក្រោម…

ខេត្តកំពង់ឆ្នាំង ៖ កម្មករខ្មែរធ្វើការឲ្យក្រុមហ៊ុនជប៉ុនធ្វើផ្លូវម្នាក់បានរងរបួសជាទម្ងន់ និងរថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ១គ្រឿងបានរងការខូចខាតឆេះខ្ទេចកាប៊ីនមុខ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅវេលាម៉ោង ៥និង២០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ស្រុករលាប្អៀរ ។


លោក ទឹម ចន្ធី អធិការនគរបាលស្រុករលាប្អៀរ ដែលបានចុះទៅពិនិត្យកន្លែងកើតហេតុបានដឹងថា កម្មករធ្វើផ្លូវរបស់ក្រុមហ៊ុនជប៉ុន ដែលបានរងរបួសធ្ងន់ មានឈ្មោះ សេង សុភក្ត្រា អាយុ ២២ឆ្នាំ មានទីលំនៅភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ។
នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3P.47 14 ជារថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ បើកបរដោយជនមិនស្គាល់ឈ្មោះ ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៏បានបុកម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយជនរងគ្រោះ ឈ្មោះ សេង សុភ័ក្ត្រា ជាកម្មករធ្វើផ្លូវក្រុមហ៊ុនជប៉ុន បណ្ដាលឲ្យរងរបួសជាទម្ងន់ និងបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។


លោក អធិការនគរបាល ស្រុករលាប្អៀរ បានបញ្ជាក់ថា ៖ ខណៈពេលរថយន្តបុកជាមួយម៉ូតូរថយន្តមិនបានឈប់នោះទេ គឺអូសម៉ូតូដែលជាប់ពីក្រោមរថយន្តចម្ងាយជាង៦០ម៉ែត្រ បង្កចេញជាផ្កាភ្លើងឆេះម៉ូតូ និងបន្តឆេះរថយន្ត ចំណែកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ ។

ក្នុងហេតុការនោះដែរ រថយន្តពន្លត់អគ្គីភ័យ២គ្រឿងបានចេញអន្តរាគមន៍ពន្លត់ទើបអគ្គីភ័យឆេះត្រឹមតែកាប៊ីនរថយន្ត មិនរាលដាលមកឆេះផ្នែកខាងក្រោយ ដែលមានសម្ភារៈរបស់អ្នកផ្ញើពេញមួយខ្លុបរថយន្តខាងក្រោយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយករថយន្តស្ទូចមកស្ទូចរថយន្តទៅដាក់នៅអធិការដ្ឋាននគរបាលជាមួយម៉ូតូជនរងគ្រោះ ។ ចំណែកបញ្ញើរបស់អតិថិជនដែលនៅសេសសល់ ត្រូវសមត្ថកិច្ច ឱ្យក្រុមហ៊ុនវីរៈប៊ុនថាំ ផ្ទេរដាក់រថយន្តផ្សេងដឹកយកទៅឱ្យអតិថិជនបន្ត ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram