បុរសម្នាក់ សតិមិនសូវល្អ ដើរឡើងលើស្ពានអាកាស៥មករា រួចក៏លោតទម្លាក់ខ្លួនចុះមកក្រោម
ភ្នំពេញ ÷បុរសម្នាក់ សតិមិនសូវល្អ បានដើរឡើងលើស្ពានអាកាស៥មករា រួចក៏លោតទម្លាក់ខ្លួនចុះមកក្រោម ត្រូវរថយន្តមួយគ្រឿងកិនជើងបន្ថែមទៀត បណ្តាលឲ្យរងរបួសធ្ងន់ កាលពី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចស្ពានអាកាស៥មករា សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសម្នាក់សតិមិនសូវល្អ បានដើរឡើងលើស្ពានអាកាស៥មករា រួចក៏លោតទម្លាក់ខ្លួនចុះមកក្រោម ត្រូវរថយន្តមួយគ្រឿង កិនជើងបន្ថែមទៀត បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនតាមរថយន្តសាមុយ ទៅធ្វើការសង្គ្រោះ។
មុនពេលកើតហេតុ គេឃើញបុរសពុំស្គាល់អត្តសញ្ញាណខាងលើ បានដើរឡើងលើស្ពានអាកាស៥មករា មួយសន្ទុះក្រោយមក ក៏បានលោតទម្លាក់ខ្លួនចុះមកខាងក្រោម ស្របពេលនោះ ក៏មានរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿង ដែលកំពុងធ្វើចរាចរណ៍ នៅខាងក្រោមស្ពាន បានជ្រុលចង្កូតចាប់ហ្រ្វាំងមិនទាន់ បានកិនចំជើងបុរសដែលលោតទម្លាក់ខ្លួនខាងលើ បណ្តាលឲ្យរងរបួសធ្ងន់។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលទឹកល្អក់ទី៣ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅដល់កន្លែងកើតហេតុ និងឃាត់រថយន្តស៊េរីទំនើបមួយគ្រឿង ធ្វើការសាកសួរតាមនីតិវិធី។ ចំណែកជនរងគ្រោះ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យព្រះកុសុមៈ តែខាងក្រុមគ្រូពេទ្យមិនទទួលនោះទេ រួចក៏បញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន សុងកាវិញ៕

