សំណង់ក្នុងស្ទឹងព្រែកត្នោត ពលរដ្ឋបានចាក់ដីចូលពេញ តែអាជ្ញាធរ និងមន្ទីរជំនាញឆ្លើយដាក់គ្នា…

កំពង់ស្ពឺ៖ សំណង់មួយដែលបានសាងសង់ដើម្បីចាក់ដីរំលោភយកចំណីស្ទឹងព្រែកត្នោត ស្ថិតនៅចុងស្ពានធ្នួសហ្លួង ក្នុងភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលអាជ្ញាធរក្រុង និងមន្ទីរធនធានទឹក បានចុះពិនិត្យកាលពីពេលកន្លងមក ពេលនេះ បាននិងកំពុងចាក់ដីបំពេញហើយ តែអាជ្ញាធរក្រុងនិងមន្ទីរជំនាញធនធានទឹក មិនឃើញមានវិធានការចំពោះករណីនេះទេ ប៉ុន្តែកំពុងឆ្លើយដាក់គ្នាទៅវិញ។


សូមបញ្ជាក់ថា៖ កាលពីចុងខែមេសាកន្លងទៅ ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ លោក ញ៉ាញ់ ជាបហ៊ង និងអាជ្ញាធរមូលដ្ឋានក្រុងច្បារមន បានចុះត្រួតពិនិត្យការដ្ឋានសំណង់ខាងលើ ហើយអះអាងថា ជាសំណង់ខុសច្បាប់ និងសង់រំលោភបំពានក្នុងស្ទឹងព្រែកត្នាត។ ក្រោយពិនិត្យមន្ទីរជំនាញធនធានទឹក និងអាជ្ញាធរក្រុងមិនបានបង្ហាញពីចំណាត់ការក្នុងការទប់ស្កាត់ ឬដាក់ទោសទណ្ឌដល់អ្នកប្រព្រឹត្តិល្មើសនេះឡើយ។


អ្នកស្រី ស្រី អ៉ីម អាយុ៥០ឆ្នាំ ជាម្ចាស់ការដ្ឋាន បានឱ្យដឹងថា៖ ដីរបស់គាត់មានទំហំ ២១ម៉ែត្រ គុណ ៤១ម៉ែត្រ ហើយចំពោះសំណង់ដែលសង់ចូលក្នុងស្ទឹង ដើម្បីទប់ដីកុំឱ្យបាក់ចូលស្ទឹងប៉ុណ្ណោះ គ្មានចេតនារំលោភ ឬចង់បានដីស្ទឹងនោះទេ។
ក្នុងករណីនេះ ក្រោយមានការចុះពិនិត្យពីអាជ្ញាធរក្រុង និងមន្ទីរជំនាញរួចមក នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ស្រាប់តែមានការចាក់ដីចូលទៅក្នុងសំណង់នោះរហូតពេញព្រៀបដើម្បីពង្រីកផ្ទៃដីដោយរំលោភយកដីចំណីស្ទឹងអស់ជាច្រើនម៉ែត្រ។
ពាក់ព័ន្ធនឹងការដាក់ដីចូលទៅក្នុងស្ទឹងព្រែកត្នោតនេះ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធានទឹក បានឱ្យដឹងថា៖ លោកមិនបានដឹងរឿងនោះទេ ព្រោះជានេះតួនាទី និងភារកិច្ចរបស់អាជ្ញាធរក្រុង ហើយសំណង់ដែលសង់នៅក្នុងស្ទឹងព្រែកត្នោតនោះក៏អត់ខុសដែរ គេសង់ដើម្បីទប់ច្រាំងស្ទឹងព្រោះមន្ទីរក៏មានគម្រោងធ្វើច្រាំងស្ទឹងផងដែរ។

លោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន បានឱ្យដឹងថា៖ ការសង់សំណង់ក្នុងស្ទឹង និងចាក់ដីចូលស្ទឹងដែលធ្វើឱ្យប៉ះពាល់ដល់ចរន្តផ្លូវទឹកជាកាតព្វកិច្ចរបស់មន្ទីរជំនាញធនធានទឹក សាលាក្រុងអត់ដឹងទេ សាលាក្រុងមានតួនាទីចាំតែផ្តល់កម្លាំងសហការប៉ុណ្ណោះ។ តែដើម្បីកុំឱ្យដំណើរការចាក់ដីធ្វើទៅបានដោយរលូនសាលាក្រុងនឹងចាត់កម្លាំងចុះហាមឃាត់គ្រឿងចក្រឱ្យផ្អាកដំណើរការសិន រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ហើយបើករណីមិនស្តាប់ការណែនាំទេ និងឃាត់គ្រឿងចក្រទុកសិន។


ទោះជាមានការលើកឡើងរបស់ប្រធានមន្ទីរធនធានទឹក និងអភិបាលក្រុងច្បារមនក៏ដោយ ប្រជាពលរដ្ឋបានរិះគន់ថា ជាចម្លើយដោះសារយករួចខ្លួន ហើយទុកពេលវេលាឱ្យអ្នកប្រព្រឹត្តិមានឱកាសចាក់ដីរហូតពេញរួចរាល់។ បើមន្ទីរជំនាញ និងអាជ្ញាធរក្រុងមានចេតនាអនុវត្តចំពោះបទល្មើសនេះ គួរតែធ្វើតាំងពីសងសំណង់ទប់អាចម៌ដីក្នុងស្ទឹងនោះមកម្លេះ ឬវាយកំទេចចោល មិនទុកឱ្យនៅដូច្នេះទេ។ មួយវិញទៀតបើពលរដ្ឋតូចតាច ឬក៏មិនបានប្រយោជន៍ខ្លះនោះ មិនអាចដំណើរការដល់ថ្ងៃនេះទេ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram