ប្តីដាក់ប្រព័ន្ធGPSជាប់រថយន្ត តាមទាន់ប្រពន្ធ នាំសហាយចូលដេកផ្ទះសំណាក់…
កណ្ដាល ៖ សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃ៣០ ខែឧសភានេះថា មានករណីអំពើផិតក្បត់ កាលពីព្រលប់ថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះសំណាក់យីហោសេងឆេង ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ(ប្តី)ឈ្មោះសេង ឈិន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរលក់គ្រឿងសំណង់។

ចំណែកជនសង្ស័យ២នាក់ ១-ឈ្មោះជ សៀកមួយ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរលក់គ្រឿងសំណង់ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ (ឃាត់ខ្លួន) ។ ២-ឈ្មោះជា ជំនិត ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរលក់គ្រឿងសំណង់ ជាប្រុសសហាយ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក រថយន្ត១គ្រឿងម៉ាកford ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ កម្ពុជាCHSM7798 ។ទូរស័ព្ទដៃ២គ្រឿង (ម៉ាកSAMZUNG NOt8 និងម៉ាក iphone7plus ពណ៌ខ្មៅ)។

របាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបញ្ជាក់ថា៖ កន្លងមក ជនរងគ្រោះជាប្តី និងជនសង្ស័យ ជាប្រពន្ធ បានរៀបការ និងចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា រយៈពេល១២ឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ននេះ មានកូនបីនាក់ ប្រុសពីរនាក់ ស្រី១នាក់ ហើយក្នុងរយ:ពេលបីឆ្នាំចុងក្រោយនេះ ចេះតែមានភាពរកាំរកូស មិនចុះសម្រុងនឹងគ្នា ដោយមានការសង្ស័យ ទៅលើប្រពន្ធថាមានសហាយ ទើបជនរងគ្រោះជាប្តី បានដាក់ប្រព័ន្ធGPS ជាប់រថយន្តម៉ាកford ដែលប្រពន្ធជិះ។ លុះដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យជាប្រពន្ធ បានសុំជូនម្តាយទៅលេងស្រុកកំណើត ដោយមានការសង្ស័យ ជនរងគ្រោះជាប្តី ក៏បានតាមដានប្រពន្ធ តាមរយៈប្រព័ន្ធGPS ដែលដាក់ជាប់រថយន្ត ទើបឃើញប្រពន្ធ នាំប្រុសសហាយទៅដេកនៅផ្ទះសំណាក់យីហោសេងឆេង រួចហើយបានប្តឹងសមត្ថកិច្ច ឲ្យចុះធ្វើការឃាត់ខ្លួន យកមកសាកសួរនៅប៉ុស្តិ៍កំពង់សំណាញ់ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តរតាមនីតិវិធី៕


