លោក គឹម សន្តិភាព ៖ បើមិនសហការជាមួយមន្ត្រីសុខាភិបាលយកវត្ថុសំណាកទេ, អ្នកអាច ត្រូវពិន័យអន្តរការណ៍ពី១លាន រៀល ទៅ ៥លាន រៀល និងអាចជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ…

ភ្នំពេញ៖ លោកគឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានមានប្រសាសន៍យ៉ាងដូច្នេះថា, សូមបងប្អូនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកវិភាគរកមេរោគកូវីដ-១៩ បើពុំនោះទេអ្នកអាចត្រូវពិន័យអន្តរការណ៍ពី១លាន រៀល ទៅ ៥លាន រៀល និងអាចជាប់ពន្ធនាគាររហូតដល់៥ឆ្នាំនៅវេលាម៉ោង១៩និង ៤៦នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។


លោករដ្ឋលេខាធិការបានលើកឡើងថា៖សូមជម្រាបជូនថា ការយកសំណាកចំពោះបុគ្គដែលមានការពាក់ព័ន្ធ ឬសង្ស័យថាមានការជាប់ពាក់ព័ន្ធនឹងអ្នកដែលមានផ្ទុកមេរោគកូវីដ-១៩ គឺជាវិធានការសុខាភិបាលមួយ ដែលមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ ។


លោក គឹម សន្តិភាព បានគូសបញ្ជាក់ថា៖ សកម្មភាពដែលកើតមាននៅរោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា(A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង គឺជាអំពើមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដែលតម្រូវឱ្យផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១លានរៀល ទៅ ៥លានរៀល ហើយការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ យោងតាមមាត្រា២១ នៃអនុក្រឹត្យលេខ៥៧ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។


ចំពោះអ្នកផ្តើមគំនិត និងអ្នកចូលរួមបង្កការរារាំងដល់ការអនុវត្តវិធានការសុខាភិបាលខាងលើនេះអាចជាប់ពន្ធនាគាររហូតដល់ ៥(ប្រាំ)ឆ្នាំ យោងតាមមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram