ឆេះបន្ទប់ឡៅតឿក្នុងផ្ទះល្វែងពេលម្ចាស់ផ្ទះមិននៅ…

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះបន្ទប់ឡៅតឿក្នុងផ្ទះល្វែងមួយកន្លែងបង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង និងសមត្ថកិច្ចមូលដ្ឋានចុះធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


ចំណែកម្ចាស់ផ្ទះគេមិនស្គាល់អត្តសញ្ញាណនោះទេ ព្រោះគាត់ចាក់សោផ្ទះចេញទៅក្រៅបាត់ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតខាងបានប្រាប់ឱ្យដឹងថា៖ មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីក្នុងផ្ទះកើតហេតុ ខណៈដែលម្ចាស់ផ្ទះចាក់សោចេញទៅក្រៅបាត់ ។ បន្ទាប់ពីឃើញផ្សែងហុយបែបនេះ ប្រជាពលរដ្ឋដែលរស់នៅជិតខាងបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានភ្លាមៗដើម្បីចុះមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ខណៈដែលពួកគាត់ក៏បានវាយបំបែកសោដើម្បីបាញ់ទឹកចូលជាបណ្តើរៗផងដែរ ។


ក្រោយពីទទួលបានព័ត៌មានថា មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅត្រង់ចំណុចកើតហេតុខាងលើ ភ្នាក់ងារពន្លត់អគ្គិភ័យជាច្រើនអង្គភាពបានចេញរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់អស់ចំនួន៤គ្រឿង និងប្រើពេលជាង១ម៉ោងក៏រលត់ទៅវិញជាស្ថាពរ ។ ករណីនេះបានបង្កការខូចខាតសម្ភារជាច្រើនក្នុងបន្ទប់ឡៅតឿ តែមិនខូចខាតសម្ភារទាំងស្រុងក្នុងផ្ទះល្វែងនេះនោះទេ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សផងដែរ ។ ចំពោះមូលហេតុ សមត្ថកិច្ចបានបង្ហើបប្រាប់ថា បណ្ដាលមកពីទុស្សេខ្សែភ្លើង ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram