រដ្ឋបាលខេត្តកណ្ដាល បិទបញ្ចប់ការបែងចែកតំបន់លឿងទុំនិងលឿង នៅក្រុងតាខ្មៅ ចាប់ពីថ្ងៃទី២០ ខែឧសភាតទៅ….
កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល បានសម្រេចបិទបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលបានកំណត់ជា “តំបន់លឿងទុំ” និង “តំបន់លឿង” ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ០៩០ សសរ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្តាល ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ តទៅ។
ក្នុងករណី រកឃើញ ឬ មានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទីតាំងលំនៅឋាន អគារស្នាក់នៅ ឬទីតាំងសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដ្ឋាន ជាពិសេសផ្សារ និងទីកន្លែងលក់ដូរគ្រឿង ឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋាន រដ្ឋបាលក្រុងតាខ្មៅ ត្រូវអនុវត្តការហាមឃាត់ ឬ ផ្អាកជាដាច់ខាត នូវទីតាំង ឬទីកន្លែងទាំងនោះ ជាបណ្ដោះអាសន្ន និងរាយការណ៍ជូនអភិបាលខេត្ត ដើម្បីស្នើសុំកិច្ច អន្តរាគមន៍ និងចាត់វិធានការឆ្លើយតបឱ្យបានឆាប់រហ័ស សំដៅទប់ស្កាត់និងកាត់ផ្តាច់កុំឱ្យមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ទៅទីតាំង ឬកន្លែងផ្សេងទៀត៕






