អ្នកដំណើរឆ្លងកាត់ងឿងឆ្ងល់ពីសកម្មភាពជីកកាយ និងចាក់ដីនៅអតីតទំនប់ហៃសូន…

កំពតៈ នាប៉ុន្មានថ្ងៃចុងក្រោយនេះ សកម្មភាពជីកកាយ ព្រមទាំងដឹកដីចាក់លុបនៅចំណុចអតីតទំនប់ហៃសូនស្ថិតក្នុងភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពតហាក់មានភាពគគ្រឹកគគ្រេង និងប្រញាប់រួសរាន់បំផុត។


ជាមួយទិដ្ឋភាពដែលបានធ្វើឡើងបែបចំហនៅចំពោះមុខសាធារណជននៃទីរួមស្រុកនេះ បង្កឱ្យមានក្តីងឿងឆ្ងល់ពីអ្នកដំណើរឆ្លងកាត់ប្រចាំថ្ងៃដោយសារកន្លងមកធ្លាប់ឃើញប្រជាពលរដ្ឋប្រើប្រាស់ទឹកក្នុងអាងទំនប់ជារបៀបសមូហភាព។ ក្តីងឿងឆ្ងល់បានផ្តោតលើការព្រួយបារម្ភខ្លាចក្រែងលោបាត់បង់ទ្រព្យសម្បត្តិរដ្ឋដែលនៅមិនឆ្ងាយពីទីតាំងរបស់សាលាស្រុកដងទង់នោះ។


លោកស៊ីវ ផេង អភិបាលស្រុកដងទង់បានបញ្ជាក់ថាត្រង់ចំណុចចាក់ដីលុបនោះមិនមែនជាសារពើភ័ណ្ឌដែល គ្រប់គ្រងដោយរដ្ឋបាលស្រុកទេ។ កាលពីអំឡុងទសវត្ស ទី៨០-៩០ នៅទីនោះមានស្រះទឹកមួយ និងហ៊ុមព័ទ្ធដោយទំនប់ដែលគេនាំគ្នាហៅថាទំនប់ហៃសូន។ ក្រោយមកប្រជាពលរដ្ឋជាច្រើនគ្រួសារបានចូលអាស្រ័យផលដោយដាំដំណាំផ្សេងៗ ហើយក៏មិនអនុញ្ញាតឱ្យមានការវាស់វែងដើម្បីចេញប័ណ្ណកម្មសិទ្ធិដែរ។

ជាមួយរូបភាពទទួលប្រយោជន៍ពីការអាស្រ័យផលនោះ បងប្អូនប្រជាពលរដ្ឋឆ្លៀតបង្ខិតបន្តិចម្តងៗ រហូតដល់ចំណុចស្រះទឹកដែលជាប់ដីដំណាំអ្នកណាអ្នកនោះឃុំគ្រងតែម្តង។
លោកអភិបាលស្រុកបានបន្តថានៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពតបានបង្កើតគណៈកម្មការដឹកនាំដោយអភិបាល រងខេត្តមួយរូប និងរូបលោក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាសមា ជិកចុះពិនិត្យទីតាំងផ្ទាល់បន្ទាប់ពីប្រជាពលរដ្ឋចំនួន៣០គ្រួសារដាក់លិខិតស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី និងចុះបញ្ជីដីទំហំជាង ១២ហិកតានោះ។ ដីទាំងនេះត្រូវបានក្រុមហ៊ុនអចលទ្រព្យប្រមូល ទិញពីប្រជាពលរដ្ឋទាំងអស់។ ដូច្នេះ រាល់ឯកសារទាំងឡាយអាចទំនាក់ទំនងជាមួយម្ចាស់ក្រុមហ៊ុនបាន។


លោកសេង សម្បត្តិ ម្ចាស់គម្រោងបុរីធម្មជាតិដងទង់បានបញ្ជាក់ ថា មុននឹងទិញពីប្រជាពលរដ្ឋ លោកបានពិត្យឃើញថាការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើទិន្នន័យដីធ្លីទំហំជាង១២ហិកតាបានបញ្ចប់រួចរាល់តាំងពីថ្ងៃទី១៩ ខែមេសា បន្ទាប់ ពីចាប់ផ្តើមបិទផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ម្ល៉េះ។ ជាមួយលិខិតបទដ្ឋានគតិយុត្តដែលមានគ្រប់គ្រាន់ លោកក៏ឈានទៅធ្វើច្បាប់ រួចចាប់ដំណើរការចាក់ដីពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ មកដូចឃើញសកម្មភាពនេះស្រាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram