ស្រ្តីម្នាក់ បើករថយន្តហាយឡេនឌ័រ រេចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ…
ភ្នំពេញ ÷ស្រ្តីម្នាក់ បានបើករថយន្តហាយឡេនឌ័រខ្វះការប្រុងប្រយ័ត្នបានរេចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរួញមួយកំណាត់មុខនៅ យប់ថ្ងៃទី ២ ខែឧសភាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ខាងមុខវិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុគេបានឃើញ រថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2AS-0534 បើកបដោយស្រ្តីម្នាក់ និងមានអ្នករួមដំណើរជាមួយ៣នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុល ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខ សំណាងល្អមិនបណ្តាលឲ្យមាន អ្នករងរបួស។ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌចំការមន ចុះមក យករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕




