ឃាត់ខ្លួនមនុស្សប្រុសស្រី១៤នាក់បម្រុងបើករថយន្តឆ្លងកាត់គោលដៅបិទខ្ទប់…
ភ្នំពេញ: សមត្ថកិច្ចចម្រុះប្រចាំការអនុវត្តច្បាប់ បិទខ្ទប់រាជធានីភ្នំពេញនៅចំណុចគោលដៅ រង្វង់មូលគួចការណុង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឃាត់រថយន្តស៊េរីទំនើប២គ្រឿង រួមនឹងមនុស្ស១៤នាក់ ជនជាតិចិន១៣នាក់ និងអ្នកបើករថយន្តជាខ្មែរម្នាក់ កាលពីយប់ម៉ោង៨ និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តស៊េរីទំនើបទាំង២គ្រឿង បម្រុងបើករថយន្តឆ្លងគោលដៅត្រួតពិនិត្យ ក៏ឃាត់សួរនាំតែម្តង រថយន្តទីមួយ ម៉ាក អូឌីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AH-6216 បើកបរដោយបុរសជនជាតិខ្មែរ រីឯរថយន្តទី២ ម៉ាក Alpart ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-1606 បើកបរដោយបុរសជនជាតិខ្មែរ និងជនជាតិចិន នៅក្នុងរថយន្តនោះផងដែរ។ ដោយសមត្ថកិច្ចប្រចាំនៅគោលដៅបានឃាត់សួរនាំ ហើយមិនមានឯកសារអនុញ្ញាត និងមិនមានការចាំបាច់ ទើបសមត្ថកិច្ចប្រចាំគោលដៅ រាយការណ៍ទៅថ្នាក់លើ ឲ្យឃាត់រថយន្តទាំង២គ្រឿង និងមនុស្សសរុប១៤នាក់នេះជាបន្ទាន់។

ក្រោយពីការឃាត់សួរនាំទៅដោយបុរសជាជនជាតិខ្មែរ បានប្រាប់ទៅសមត្ថកិច្ចឲ្យដឹងថា ដោយខ្លួនបានជូនជនជាតិចិនទាំង១៣នាក់ មានប្រុសមានស្រីធ្វើដំណើរចេញពីម្តុំបឹងកេងកង គោលបំណងឆ្ពោះទៅខុនដូ ជ្រោយចង្វារ កន្លែងជនជាតិចិនស្នាក់នៅរួមទាំងខ្លួន មិនមានឯកសារ និងការអនុញ្ញាត។

បន្ទាប់ពីឃាត់រថយន្តស៊េរីទំនើប២គ្រឿង និងមនុស្ស១៤នាក់ រួមមានខ្មែរម្នាក់រួចមក ក៏មានវត្តមានអភិបាល ខណ្ឌដូនពេញ ចុះមកជួយអន្តរាគមន៍ភ្លាមៗ រួចពិនិត្យឃើញថាមិនមានឯកសារ និងមិនមានលិខិតអនុញ្ញាត ឲ្យមានការចេញចូលរាជធានីភ្នំពេញ ជាពិសេសតំបន់បិទខ្ទប់ក៏បានបញ្ជូនខ្លួនជនជាតិចិនទាំង១៣នាក់ រួមនិងអ្នកបើករថយន្តខ្មែរម្នាក់ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំ អនុវត្តបន្តទៅតាមនីតិវិធី៕

