សហរដ្ឋអាម៉េរិកណែនាំឱ្យផ្អាកការប្រើប្រាស់វ៉ាក់សាំង J&J…
សហរដ្ឋអាម៉េរិកកាលពីថ្ងៃអង្គារទី១៣មេសាបានណែនាំឱ្យ “ផ្អាក” ការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ ចនសុននិងចនសុន (J&J)ដែលចាក់តែ១ដូសដើម្បីស៊ើបអង្កេតរបាយការណ៍ស្តីពីការកកឈាមដ៏កម្រប្រកបដោយបង្កគ្រោះថ្នាក់ ជាហេតុនាំឱ្យមានប្រតិកម្មជុំវិញពិភពលោក ហើយវាជាការដើរថយក្រោយនៃយុទ្ធនាការចាក់វ៉ាក់សាំងជាសកល។
មជ្ឍមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) និងរដ្ឋបាលចំណីអាហារនិងឱសថ (FDA) បានប្រកាសថា ពួកគេកំពុងស៊ើបអង្កេតករណីកំណកឈាមខុសប្រក្រតីចំពោះស្ត្រី ៦ នាក់ដែលមានអាយុចន្លោះពី ១៨ ដល់ ៤៨ ឆ្នាំ។ ស្ត្រីម្នាក់បានស្លាប់។ទោះយ៉ាងណាស្នងការស្តីទីរបស់ FDA រំពឹងថាការផ្អាកនឹងមានរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ប៉ុន្តែការសម្រេចចិត្តនេះបានបង្កឱ្យមានសកម្មភាពយ៉ាងលឿននៅអឺរ៉ុបនិងកន្លែងផ្សេងទៀតខណៈដែលបណ្តាក្រុមហ៊ុនផលិតឱសថ និយតករនិង អ្នកផ្តល់សេវាកម្មនាំគ្នាបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង J&J ឥឡូវនេះតែម្តង។

ក្រុមហ៊ុន J&J បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដឹងអំពីរបាយការណ៍ស្តីពីការកកឈាម ប៉ុន្តែពុំមានការផ្សារភ្ជាប់ណាមួយចំពោះវ៉ាក់សាំងរបស់ខ្លួនទេ។ ទោះយ៉ាងណាក្រុមហ៊ុននិយាយកាលពីល្ងាចថ្ងៃអង្គារថាខ្លួននឹងពន្យារពេលនៃការដាក់លក់វ៉ាក់សាំងរបស់ខ្លួននៅអឺរ៉ុបនិងផ្អាកការចាក់វ៉ាក់សាំងថ្មីនៅក្នុងការសាកល្បងដែលកំពុងដំណើរការរហូតដល់ខ្លួនអាចធ្វើបច្ចុប្បន្នភាពការណែនាំរបស់ខ្លួនអំពីរបៀបចាត់ចែង។
វ៉ាក់សាំងរាប់សិបម៉ឺនដូសគ្រោងនឹងដឹកទៅដល់បណ្តាប្រទេសអឺរ៉ុប កន្លែងដែលការចាក់វ៉ាក់សាំងត្រូវបានញាំញីដោយកង្វះការផ្គត់ផ្គង់ បញ្ហាភស្តុភារនិងការព្រួយបារម្ភអំពីការកកឈាមចំពោះប្រជាជនមួយចំនួនតូច ដែលបានទទួលវ៉ាក់សាំងអាស្ត្រាហ្សេនីកា ដែលមិនទាន់ត្រូវបានដាក់ឱ្យប្រើនៅសហរដ្ឋអាម៉េរិកនៅឡើយ។
រាល់ការថយចុះនៃការចាក់ថ្នាំបង្ការរោគអាចមានផលប៉ះពាល់ធំធេងសម្រាប់កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងជាសកល។ វ៉ាក់សាំង J&Jបានក្លាយជាវ៉ាក់សាំងជាទីរំពឹងបំផុតពីព្រោះរបបតែមួយដូសរបស់វា ហើយលក្ខខណ្ឌរក្សាទុកងាយៗនឹងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការប្រើប្រាស់ជាពិសេសនៅតាមបណ្តាប្រទេសក្រីក្រ៕
