បើកឡំប្រឺតាបុកប៉ារាសគោលដៅសមត្ថកិច្ចអនុវត្តវិធានការផ្អាកចរាចរណ៍…
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីផឹកទឹកត្នោតជូរស្រវឹងហើយបើកឡំប្រឺតាបុកប៉ារាសកម្លាំងសមត្ថកិច្ចដែលដាក់គោលដៅត្រួតពិនិត្យនិងអនុវត្តវិធានការរដ្ឋបាលលើអ្នកល្មើសបម្រាមគោចរបណ្តាលឲ្យរងរបួសប្រជាការពារម្នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចគោលដៅសមត្ថកិច្ចដាក់គោលដៅអនុវត្តវិធានការផ្អាកចរាចរណ៍នៅមុខវត្តពោធិ៍យារាម ជួរមាត់ទន្លេត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចបានឱ្យដឹងថា៖ ដោយគោរពតាមបទបញ្ជាថ្នាក់លើ ឱ្យដាក់គោលដៅអនុវត្តបម្រាមគោចរ ផ្អាកចរាចរណ៍និងសកម្មភាពអាជីវកម្មតាមដងផ្លូវ ចាប់ពីម៉ោង៨យប់រហូតដល់ម៉ោង៥ភ្លឺ ក្នុងរយៈពេល១៤ថ្ងៃដើម្បីចូលរួមទប់ស្កាត់កាត់ផ្តាច់ជំងឺកូវីដ-១៩នោះ ខណៈកម្លាំងសមត្ថកិច្ចចម្រុះកំពុងតែអនុវត្តស្រាប់តែមានបុរសម្នាក់
បើកឡំប្រឺតាក្នុងទិសដៅពីជើងទៅត្បូងទាំងស្ថានភាពស្រវឹងផងនោះបានបើកហួសគោលដៅសមត្ថកិច្ចម្តងទៅហើយ ប៉ុន្តែមិនដឹងជាយ៉ាងម៉េចបានជាបុរសខាងលើបានបើកត្រឡប់មកវិញទើបភ្លាមនោះកម្លាំងបានឃាត់ឲ្យឈប់ តែគាត់នៅតែបន្តដំណើរទៅមុខទៀតហើយបុកកម្លាំងប្រជាការពារម្នាក់បណ្តាលឱ្យរងរបួសដៃធ្ងន់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកបុរសខាងលើបានសារភាពថាខ្លួនទើបតែចេញពីផឹកទឹកត្នោតជូរជាមួយមិត្តភក្តិបំណងចូលក្នុងវត្តពោធិ៍សារាមតែដោយសារតែខ្លួនស្រវឹងផងនោះក៏ជ្រុលទៅបុកសមត្ថកិច្ចបែបនេះតែម្តង។ ជនបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីសួរនាំបន្ត៕




