អាជីវកនាំសត្វជ្រូកពីប្រទេសថៃ លើកគ្នាតវ៉ានៅមុខសាលាឃុំអូរបីជាន់ឱ្យ ….

ជួយដោះស្រាយរឿងក្រុមហ៊ុននាំចូលសត្វជ្រូកតែងតែចុះចាប់ពួកគេដោយមិនរើសមុខ
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនៅជាប់ព្រំដែនកម្ពុជា-ថៃ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានមុខរបរនាំជ្រូកដោយផ្ទាល់ពីប្រទេសថៃតាមរឺម៉ក ឬម៉ូតូ បានលើកគ្នាទៅតវ៉ា ដោយស្នើឱ្យអាជ្ញាធរឃុំអូរបីជាន់ជួយដោះស្រាយឱ្យពួកគេបានប្រកបរបរទិញលក់ជ្រូកបានផង ខណៈដែលក្រុមហ៊ុននាំជ្រូកពីប្រទេសថៃ បានចាប់ជ្រូកពួកគេដោយមិនរើសមុខ ទោះជាដឹកសត្វជ្រូកទៅដល់ក្នុងផ្ទះ ក៏ចាប់ដែរ។


ការលើកគ្នាទៅតវ៉ា បានធ្វើឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅសាលាឃុំអូរបីជាន់ ដោយមានទាំងពាក្យបណ្តឹង និងការចូលរួមពីអាជីវករប្រមាណជា ៥០នាក់ មានទាំងម៉ូតូ និងរឺម៉ក ដឹកជ្រូកទៅឈប់ពេញបរិវេណសាលាឃុំអូរបីជាន់។ ពួកគេទាំងនោះបានរៀបរាប់ឱ្យដឹងថា ពួកគាត់ជាអាជីវករទិញលក់ជ្រូកពីរបីក្បាលតាំងពីដើមមក លក់ក្នុងមូលដ្ឋានរបស់ខ្លួនគ្រាន់បានចិញ្ចឹមជីវិត និងដោះស្រាយបំណុលធនាគារមិនដែលមានបញ្ហាអីទេ។ ស្របនឹងសម័យកូវីដ-១៩នេះ ប្រជាពលរដ្ឋមិនមានចំណូលស្រាប់តែមានការរឹតបណ្តឹងពីក្រុមហ៊ុននាំជ្រូកចូលពីប្រទេសថៃ និងបានហាមឃាត់មិនឱ្យនាំជ្រូកចូលពីប្រទេសថៃទៀតផង។ នៅពេលពួកគាត់នាំចូល បែរជាតាមចាប់ពួកគាត់មិនថាយប់ ឬថៃ្ង ទោះដឹកចូលដល់ក្នងផ្ទះក៏ចាប់ដែរ។ ការចាប់នេះធ្វើឱ្យពួកគាត់ខាតបង់ជាច្រើនមិនអាចទទួលយកបានទេ។ ដូចនេះសំណូមពរដល់អាជ្ញាធរ និងក្រុមហ៊ុនជួយរកដំណោះស្រាយក្នុងលក្ខខណ្ឌណាមួយឱ្យពួកគាត់បានរស់ផង។


អាជីវករបានអះអាងថា៖ ក្រុមហ៊ុនលក់សត្វជ្រូកក្នុងតម្លៃដែលមិនអាចឱ្យពួកគេចំណេញហើយចាប់ពួកគាត់ទៀត។ សម័យកូវីដ ក្រុមហ៊ុនគួរតែឱ្យពួកគាត់បានរស់ខ្លះ បើមិនឱ្យគាត់នាំចូលគួរតែលក់ឱ្យគាត់ក្នុងតម្លៃសមរម្យដែលអាចឱ្យពួកគាត់យកទៅលក់បន្តបានចំណេញខ្លះផង។ ម្យ៉ាងវិញទៀតសត្វជ្រូកដែលពួកគាត់ទិញពីប្រទេសថៃសុទ្ធតែមានលិខិតបញ្ជាក់ពីពេទ្យសត្វថៃ តែការនាំសត្វជ្រូកចូលមកកម្ពុជាមិនមានការត្រួតពិនិត្យពិតមែន ហើយការត្រួតពិនិត្យនេះសូម្បីតែជ្រូកក្រុមហ៊ុន ក៏មិនបានត្រួតពិនិត្យដូចគ្នាដែរ។


លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យបានឱ្យដឹងថា៖ រឿងអាជីវករតវ៉ាជាសិទ្ធរបស់គាត់ តែខាងជំនាញទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅតែបន្តអនុវត្តនីតិវិធីច្បាប់ និងបច្ចេកទេសទប់ស្កាត់ការឆ្លងជំងឺប៉េសអាហ្វ្រិច ព្រោះបើមានការផ្ទុះជំងឺកើតឡើងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ ដូចនេះមិនថាការនាំចូលលក្ខណៈគ្រួសារ ឬពាណិជ្ជកម្មទេត្រូវតែយកសំណាក់ទៅពិនិត្យ ហើយកន្លងមកបានអនុវត្តចាប់យកមកពិនិត្យឃើញថា មានជំងឺប៉េសអាហ្វ្រិច និងបានយកទៅដុតកម្ទេចចោលផងដែរ។


ដោយឡែកចំពោះលោកមេឃុំអូរបីជាន់ដែលបានចេញទៅជួបក្រុមអាជីវកដែលបាននាំគ្នាទៅតវ៉ានោះ លោកនឹងយកការស្នើសុំរបស់អាជីវកទៅជូនអភិបាលស្រុកឱ្យជួយដោះស្រាយ។
លោកបញ្ជាក់ថា៖ កន្លងមកការចុះចាប់សត្វជ្រូករបស់ក្រុមហ៊ុន មិនដែលជូនដំណឹងឱ្យអាជ្ញាធរជាមុនទេ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram