អភិបាលខេត្តកែប ដាក់ចេញវិធានការបង្កើនការរឹតបន្តឹងពលរដ្ឋ ចំណូលស្រុក មកពីតំបន់ហានិភ័យខ្ពស់ឆ្លងកូវីដ១៩ មុនរដូវចូលឆ្នាំខ្មែរ…

ខេត្តកែប ៖ ក្នុងកិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំង កូវីដ១៩ ខេត្តកែប លោក សោម ពិសិដ្ឋ បានជំរុញបន្ថែមឲ្យអភិបាលក្រុង ស្រុក ត្រូវណែនាំបន្ថែមឲ្យអាជ្ញាធរថ្នាក់ក្រោម រឹតបណ្តឹងឲ្យបានហ្មត់ចត់ និងក្តាប់ព័ត៌មានឲ្យបាន ចំពោះការចំណូលស្រុករបស់របស់បងប្អូនប្រជាពលរដ្ឋ ដែលវិញត្រឡប់ពីតំបន់ហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលមកក្នុងមូលដ្ឋានខេត្តកែប ចាប់ពីថ្ងៃនេះ រហូតដល់កំឡុងពេលចូលឆ្នាំខ្មែរ។ លោកថ្លែងបែបនេះនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកែប។


លោកមានប្រសាសន៍ថា៖ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុង ស្រុក ត្រូវបន្តណែនាំទៅថ្នាក់ក្រោមបន្តទៀត អំពីចំណូលស្រុករបស់បងប្អូនប្រជាពលរដ្ឋដោយសារចាប់ពីពេលនេះទៅរហូតដល់ចូលឆ្នាំខ្មែរខាងមុខនេះ ប្រជាពលរដ្ឋដែលចេញទៅធ្វើការ ឬរៀនសូត្រតាមបណ្តារាជធានីខេត្តផ្សេងៗ នឹងចាប់ផ្តើមសម្រុកមកភូមិស្រុកពួកគាត់កាន់តែច្រើន ដូចនេះមានតែយើងប្រឹងប្រឺងបន្ថែមទៀត។
លោកបន្តថា៖ កន្លងមកយើងប្រឹងប្រែងហើយតែនៅមានការឆកល្វែង មានចន្លោះប្រហោង ដូចនេះចាប់ពីពេលនេះទៅ យើងនឹងចាប់ផ្តើមអនុវត្តន៍វិធានការក្រុមបក្ស ដោយប្រធានក្រុមបក្សនីមួយៗត្រូវបន្តផ្សព្វផ្សាយឲ្យសមាជិករបស់ពួកគាត់ ចូលរួមរាយការណ៍រាល់ពេលមានការចំណូលស្រុក ក្នុងភូមិរបស់ពួកគាត់ទៅកាន់អាជ្ញាធមូលដ្ឋាន។
កន្លងមកលោកធ្លាប់បានក្រើនរំលឹកជាញឹកញាប់ឲ្យអាជ្ញាធរថ្នាក់ក្រោម ត្រូវមានការសហការណ៍គ្នាក្នុងការក្តាប់ឲ្យបាននៅការធ្វើចំណូលស្រុករបស់បងប្អូនប្រជាពលរដ្ឋ យ៉ាងណាលោកក៏នៅតែ ក្រើនរំលឹកដដែលជាដដែល ដោយសារតែថ្មីៗនេះខេត្តកែបមានករណីវិជ្ជមានកូវីដ១៩ លើស្រ្តីជនជាតិខ្មែរម្នាក់ដែលត្រឡប់មកពីខេត្តព្រះសីហនុ ដោយមធ្យោបាយម៉ូតូ រួចមកសម្ងំលាក់ខ្លួននៅផ្ទះដោយលាក់បាំងព័ត៌មានពីអាជ្ញាធរ ក្រោយក្រសួងប្រកាសពីករណីវិជ្ជមានលើស្រ្តីខាងលើ អាជ្ញាធរក៏បានចុះមកយកសំណាកពីអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ដោយក្នុងនោះមានបុគ្គល៥នាក់ កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កខេត្ត ហើយលទ្ធផលនៃការពិនិត្យសំណាកក៏បានចេញហើយដែរនៅព្រឹកថ្ងៃទី២៤នេះ ដោយលទ្ធផលលើកទី១ អវិជ្ជមានទាំង៥នាក់ ដោយឡែកអ្នកពាក់ព័ន្ធដោយប្រយោលផ្សេងទៀត កំពុងដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ក្រោមការឃ្លាំមើលពីអាជ្ញាធរមូលដ្ឋាន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram