វិទ្យាស្ថានហ្វឹកហ្វឺន(ឧដុង្គ) និងសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ បានត្រូវសម្រេចយកធ្វើកន្លែងព្យាបាលជំងឺកូវីដ១៩…
កំពង់ស្ពឺ: នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួល កិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព រួមដំណើរដោយលោក មាន ច័ន្ទយ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងមន្ត្រីជំនាញក្រសួងសុខាភិបាល បានអញ្ជើញចុះត្រួតពិនិត្យជាក់ស្តែងទីតាំងសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍(PKO) និងវិទ្យាស្ថានហ្វឹកហ្វឺន (ឧដុង្គ) ខេត្តកំពង់ស្ពឺ។

នៅក្នុងដំណើរចុះត្រួតពិនិត្យទីតាំងខាងលើនេះ សាលារាជធានីភ្នំពេញ និងមន្ត្រីជំនាញក្រសួងសុខាភិបាលបានសម្រេចយកមណ្ឌលចត្តាឡីស័ក ២កន្លែងទៀតរបស់មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម រួមមានៈមណ្ឌលចត្តាឡីស័កនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍(PKO) ស្ថិតក្នុងស្រុកភ្នំស្រួច និងមណ្ឌលចត្តាឡីស័កនៅវិទ្យាស្ថានហ្វឹកហ្វឺន(ឧត្តុង្គ ) ក្នុងខេត្តកំពង់ស្ពឺ ធ្វើជាមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ១៩ ដោយអនុលោមតាមអនុសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី សែម សុវណ្ណនី ក្នុងនាមអនុប្រធានគណៈកម្មាធិការជាតិ និងអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់នៅថ្ងៃទី២៤ ខែមីនានេះថា ការយកមណ្ឌលចត្តាឡីស័កទាំងពីរកន្លែងរបស់អង្គភាពទ័ពមួកខៀវសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ១៩ លើកងកំលាំងយោធា និងពលរដ្ឋស៊ីវិល គឺបានធ្វើឡើងបន្ទាប់ពីក្រុមគ្រូពេទ្យទ័ពមួកខៀវយើងទាំងអស់មានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩បានជាសះស្បើយ ជាពិសេសការព្យាបាលជាសះស្បើយចំពោះអ្នកជំងឺទ័ពមួកខៀវមកពីសាធារណៈរដ្ឋអាហ្វ្រិកកណ្តាលលើកចុងក្រោយបានជាសះស្បើយចំនួន៩នាក់ និងខណៈ ដែល២នាក់ទៀតកំពុងទទួលការព្យាបាលបន្ត ។

សូមបញ្ជាក់ថាៈ នៅក្នុងឱកាសចុះពិនិត្យមណ្ឌលព្យាបាលអ្នកជំងឺកូវីដទីតាំងថ្មីនេះ ក្រុមគ្រូពេទ្យ ក៏បានអញ្ជើញមកចាក់ថ្នាំវ៉ាក់សាំងការពារកូវីដ១៩ជូនដល់កងទ័ពមួកខៀវកម្ពុជាចំនួន ១១៧នាក់ ដែលទើបត្រឡប់មកពីសាធារណរដ្ឋលីបង់ និងសាធារណៈអាហ្វ្រិកកណ្តាលដែលទើបបានបញ្ចប់ការធ្វើចត្តាឡីស័កនៅក្នុងសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ក្នុងខេត្តកំពង់ស្ពឺនេះផងដែរ៕




