អង្គការសហប្រជាជាតិប្រាប់យោធាមីយ៉ាន់ម៉ាឲ្យ«បញ្ឈប់ការសម្លាប់និងឃុំខ្លួនក្រុមបាតុករ»…
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានប្រកាសកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់ ១៤៩នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីខែមុនមកនៅពេលដែលកងកម្លាំងសន្តិសុខបានប្រើគ្រាប់កាំភ្លេីងពិតបាញ់ទៅលេីក្រុមបាតុករ និងអ្នកឈរមើល។
លោកស្រី រ៉ាវីណា សាមដាសានី (Ravina Shamdasani) អ្នកនាំពាក្យរបស់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានប្រាប់សន្និសីទសារព័ត៌មាននៅក្នុងទីក្រុងហ្សឺណែវថា «យើងសូមអំពាវនាវឲ្យយោធាបញ្ឈប់ការ ស ម្លា ប់ និងការឃុំខ្លួនក្រុមបាតុករ»។

អ្នកកាសែតប្រហែល ៣៧នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងនោះមាន ១៩នាក់ដែលកំពុងជាប់ឃុំនៅឡើយខណៈដែលមនុស្ស ៥នាក់បានស្លាប់ក្នុងពេលកំពុងជាប់ឃុំ។
ប្រទេសមីយ៉ាន់ម៉ាកំពុងញាំញីដោយការតវ៉ាចាប់តាំងពីមានរដ្ឋប្រហារយោធានៅថ្ងៃទី១ ខែកុម្ភៈមក។
ក្រុមមេដឹកនាំយោធាបានចាប់ឃុំខ្លួន លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំស៊ីវិលរបស់ប្រទេសនេះ និងជាប្រធានគណបក្សសម្ពន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ។

គណបក្សរបស់លោកស្រីបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះកាលពីឆ្នាំមុន ប៉ុន្តែក្រុមយោធាបានចោទប្រកាន់ថាមានការលួចបន្លំយ៉ាងទូលំទូលាយក្នុងការបោះឆ្នោតនេះ៕


