មីយ៉ាន់ម៉ាប្រកាសច្បាប់អាជ្ញាសឹកក្នុងទីក្រុងយ៉ាងហ្គោន…
ដេលីមែល ៖ របបយោធាមីយ៉ាន់ម៉ាកាលពីយប់ថ្ងៃអាទិត្យទី១៤មីនាបានដាក់ចេញច្បាប់អាជ្ញាសឹកនៅក្នុងទីក្រុងយ៉ាងហ្គោនដែលមានប្រជាជនរស់នៅយ៉ាងច្រើនបំផុតបន្ទាប់ពីក្រុមបាតុករយ៉ាងតិច ១៨ នាក់ត្រូវបានសម្លាប់នៅក្នុងថ្ងៃដ៏ប្រល័យបំផុតចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ។

អំពើហិង្សាកាលពីថ្ងៃអាទិត្យបាននាំឱ្យចំនួនមនុស្ស ដែលត្រូវបានសម្លាប់នៅក្នុងការតវ៉ាទ្រង់ទ្រាយធំចាប់តាំងពីមេដឹកនាំយោធាបានទម្លាក់មេដឹកនាំស៊ីវិលលោកស្រីអ៊ុងសានស៊ូជីពីអំណាចឡើងដល់ប្រហែល ១០០ នាក់ ទោះបីជាសកម្មជននិងក្រុមសិទ្ធិមនុស្សជឿថាវាអាចខ្ពស់ជាងនេះក៏ដោយ។
របបយោធាបានយកលេសដោះសារអំពីការដណ្តើមអំណាចរបស់ខ្លួនម្តងហើយម្តងទៀតដោយចោទប្រកាន់អំពីការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតខែវិច្ឆិកាដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រីស៊ូជីឈ្នះភ្លូកទឹកភ្លូកដី។

ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋបានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យថា សង្កាត់ហ្លាំងថាយ៉ាដ៏ធំនិងសង្កាត់ស្វេបយីថាដែលនៅជិតនោះក្នុងទីក្រុងយ៉ាងហ្គោន នឹងត្រូវដាក់នៅក្រោមច្បាប់អាជ្ញាសឹក។
សង្កាត់ធំៗនិងក្រីក្រទាំងពីរនេះត្រូវគេស្គាល់ថាជាមណ្ឌលរោងចក្រនិងជាកន្លែងរោងចក្រកាត់ដេរ។

អ្នកប្រកាសលើទូរទស្សន៍រដ្ឋបាននិយាយថារបបយោធាផ្តល់អំណាចរដ្ឋបាលនិងអំណាចច្បាប់អាជ្ញាសឹកដល់មេបញ្ជាការក្នុងតំបន់ទីក្រុងយ៉ាងហ្គោនដើម្បីអនុវត្តសន្តិសុខ រក្សានីតិរដ្ឋនិងភាពស្ងប់ស្ងាត់ឱ្យកាន់តែមានប្រសិទ្ធភាព។
ទាហាននិងប៉ូលិសនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានធ្វើការបង្ក្រាបស្ទើរតែរាល់ថ្ងៃទៅលើក្រុមបាតុករដែលអំពាវនាវឱ្យវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញដោយប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងបាញ់គ្រាប់កាំភ្លើងជ័រនិងគ្រាប់កាំភ្លើងពិតដើម្បីបំបែកហ្វូងបាតុករប្រឆាំងនឹងរដ្ឋប្រហារ៕





