អាជ្ញាធរខេត្តមណ្ឌលគិរី កំពុងដាក់កំលាំងចំនួន៥គោលដៅ ដើម្បីទប់ស្កាត់ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល តាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី….
ខេត្តមណ្ឌលគីរី៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដាក់កងកម្លាំងជំនាញពាក់ព័ន្ធទាំងអស់ តាមគោលដៅចំនួន៥កន្លែង ដើម្បីណែនាំទប់ស្កាត់ការធ្វើដំណើរ ឆ្លងស្រុក-ខេត្តរបស់ពលរដ្ឋទៅស្រុកកំណើត ក្នុងន័យទប់ស្កាត់ការឆ្លងរាលដាលជម្ងឺ កូវីដ១៩។
ឧត្តមសេនីយ៍ទោ ឡោ សុខា បានឲ្យដឹងទៀតថា គោលដៅទាំង៥កន្លែង មាននៅក្នុងក្រុងសែនមនោរម្យចំនួន ៣គោលដៅ និងនៅព្រំប្រទល់ខេត្តមណ្ឌលគិរី-ក្រចេះ១គោលដៅ
ព្រំប្រទល់ខេត្តមណ្ឌលគិរី-រតនគិរី១គោលដៅទៀត។ លោក បញ្ជាក់ទៀតថា ការណែនាំទប់ស្កាត់ការធ្វើដំណើររបស់ពលរដ្ឋបានធ្វើឡើងតាំងពីម៉ោង២៤:០០រំលងអាធ្រាតថ្ងៃទី០៩ មេសា រហូតដល់វេលាម៉ោង២៤:០០ ថ្ងៃទី១៦ មេសា តាមការដាក់កំហិតរបស់រាជរដ្ឋាភិបាល។
លោក ស្នងការនគរបាលខេត្ត បានបន្ថែមថា ការដាក់តាមគោលដៅនីមួយៗ គឺជាកាតព្វកិច្ចរបស់កងកម្លាំងទាំងអស់ ដែលត្រូវអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ហើយចំពោះ កងកម្លាំងដាក់តាមគោលដៅទាំង០៥ក្នុងខេត្ត គឺអាជ្ញាធរខេត្ត រួមទាំងលោក ស្នងការនគរបាលខេត្ត បានដោះស្រាយការហូបចុកប្រចាំថ្ងៃផងដែរ ៕ របាយការណ៍ពីមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី។










