បុរសម្នាក់ ជាប់គុកជាលើកទី៣ ខណៈលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ…
មុខសញ្ញាចាស់ម្នាក់ ដែលធ្លាប់ជាប់គុកចំនួន២លើកអស់រយៈពេល១២ឆ្នាំ និងទើបចេញពីគុកថ្មីៗនេះ មិនព្រមកែខ្លួនទេ នៅតែបន្តប្រព្រឹត្តមុខលួចដដែល ត្រូវបានកម្លាំងនគរបាលបង្ក្រាបបញ្ជូនទៅដេកគុកជាលើកទី៣។

នគរបាលក្រុងច្បារមន បានឲ្យដឹងថា នៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ មានករណីចោរចូលគាស់លួសសំណាញ់ដែកចូលលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់មុខ និងចំនួន។ នគរបាលបន្តទៀតថា ក្រោយពីទទួលពាក្យបណ្ដឹងពីពលរដ្ឋ កម្លាំងនគរបាលប៉ុស្តិ៍នរដ្ឋបាលរកាធំ សហការជាជំនាញនគរបាលយុត្តិធម៌ ក្រុងច្បារមន ធ្វើការស្រាវជ្រាវឈានដល់កំណត់បានមុខសញ្ញាជនសង្ស័យរួចឃាត់ខ្លួនតែម្តង។

មុខសញ្ញាដែលឃាត់ខ្លួននោះ មានឈ្មោះ កែវ ឈឺ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ចំនួន ០២លើក រួចមកហើយពីបទលួចមានស្ថានទម្ងន់ទោស ដោយជាប់គុកអស់រយៈពេល១២ឆ្នាំ។ ក្រោយចេញពីគុកវិញមិនព្រមកែខ្លួនប្រកបមុខរបរស្របច្បាប់ទេ គឺមិនរាងចាលនៅបន្តប្រព្រឹត្តមុខរបរចោរដដែល។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចធ្វើការដកហូតម៉ូតូមួយគ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-7224 ដែលជនសង្ស័យយកមកលាក់ទុកនៅក្នុងព្រៃក្បែរថ្នល់រទេះភ្លើងក្រោយដីឡូត៍ ឈួន គឹមសាន។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានកសាងសុំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

