ក្មេងទំនើងមួយក្រុមប្រដាប់ទៅដោយបំពង់ទីប និងដាវសាម៉ូរៃ បានកាប់ទៅលើម៉ូតូជនរងគ្រោះ…

ភ្នំពេញ ៖ ពិតជាសាហាវមែនក្មេងទំនើងមួយក្រុមប្រដាប់ទៅដោយសាម៉ូរៃ និងដំពង់ទីប បានដេញកាប់ទៅលើជនរងគ្រោះមួយក្រុមមានគ្នា៤នាក់ បណ្តាលឲ្យម៉ូតូរងការខូចខាតទាំង៣គ្រឿង ចំណែកឯជនបង្កឡើងម៉ូតូគេចខ្លួនរត់ទៅចូលក្នុងផ្ទះ២នាក់ សមត្ថកិច្ចកំពុងឡោមព័ទ្ធ និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរកើតឡើងនៅវេលាម៉ោង ៨ និង ៣០ នាទីយប់ថ្ងៃព្រហស្បតិ៍ទី ២៥ ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ជនរងគ្រោះបានឱ្យដឹងថា៖ មុនពេលកើតហេតុខ្លួននិងមិត្តរួមការងារ បាននាំគ្នាអង្គុយលេងនៅមុខរោងចក្រឈ្មោះយូមិនដាយ ស្រាប់តែភ្លាមនោះដែរ បានលេចមុខជនបង្កមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង1-B 0381 ប្រដាប់ទៅដោយសាម៉ូរៃនិងបំពង់ទីប មកកាប់ទៅលើម៉ូតូនិងយកបំពង់ទីបមកដេញវាយទៅលើជនរងគ្រោះ តែសំណាងល្អបានសមត្ថកិច្ចកំពុងតែដើល្បាតក្នុងមូលដ្ឋានឃើញទាន់ពេល រួចក៏ជនបង្កខាងលើឃើញសមត្ថកិច្ចបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនរួច សមត្ថកិច្ចបានប្រដេញតាមពីក្រោយប្រកៀកប្រកិត ហើយជនបង្កបាននាំគ្នារត់គេចខ្លួនចូលទៅក្នុងផ្ទះ២នាក់ និងម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។


ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចបានចុះមកដល់ផ្ទះជនបង្ក រួចបានដកហូតវត្តុតាង រួមមាន ១-ម៉ូតូមួយគ្រឿង ២- ដាវសាម៉ូរៃ២ដើម ៣- បំពង់ទីប១ដើម។
យកទៅរក្សាទុកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ រួចឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី។ ចំណែកឯជនបង្ក២នាក់ រត់គេចខ្លួនចូលក្នុងផ្ទះ សមត្ថកិច្ចកំពុងតែឡោមព័ទ្ធដើម្បីរង់ចាំបញ្ជាពីថ្នាក់លើ ចូលឃាត់ខ្លួនយកមកចាត់ការទៅតាមផ្លូវច្បាប់។ រីឯបក្ខពួកម្នាក់ទៀត ដែលរត់គេចខ្លួនសមត្ថកិច្ចកំពុងតែស្រាវជ្រាវដើម្បីតាមឃាត់ខ្លួន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram